(យូណាន)៖ ជ្រលងដំរីព្រៃអាស៊ី គឺជាទីតាំងទី២ ដែលកញ្ញា ថាន រស្មី អ្នកសម្របសម្រួលកម្មវិធីតុមូលនយោបាយប្រចាំសប្តាហ៍ Fresh Talk ដែលតំណាងឱ្យបណ្ដាញព័ត៌មាន Fresh News បានទៅទស្សនា និងសិក្សាអំពីការអភិរក្សសត្វព្រៃ ជាពិសេសសត្វដំរីព្រៃអាស៊ី នៅក្នុងតំបន់ព្រៃត្រូពិក។
ជ្រលងដំរីព្រៃអាស៊ី ស្ថិតនៅក្នុងតំបន់អភិរក្សធម្មជាតិ Xishuangbanna (ស៊ីស័ងបាណា) មានចម្ងាយ ២២គីឡូម៉ែត្រពីទីក្រុង Jinghong (ជីងហុង)។ ជ្រលងដំរីព្រៃ គឺជាគម្រោងទេសចរណ៍ធម្មជាតិថ្នាក់ជាតិ និងតំបន់ទេសចរណ៍ ដែលគ្រប់គ្រងដោយ Golden Peacock Tourism Group។
ជ្រលងដំរីព្រៃអាស៊ីមានផ្ទៃដី ៤.៥គីឡូម៉ែត្រការ៉េ ជាកន្លែងទេសភាពដែលសង្កត់ធ្ងន់លើការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងមនុស្ស និងដំរីព្រៃអាស៊ី ជាមួយនិងធម្មជាតិ ហើយបច្ចុប្បន្នជាមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ការត្រួតពិនិត្យ ជួយសង្គ្រោះ បង្កាត់ពូជសត្វ ដំរីអាស៊ី និងមេអំបៅ។
ដំរីព្រៃអាស៊ី គឺជាសត្វ CITES Appendix I និងជាសត្វការពារកម្រិតទី១ នៅក្នុងប្រទេសចិន ដំរីព្រៃអាស៊ីធ្លាប់រស់នៅយ៉ាងច្រើនតាមដងទន្លេ Yangtze, Guangdong និង Guangxi, Guizhou និង Yellow River។ ដោយសារការខ្សោះជីវជាតិនៃបរិស្ថាន គេបានធ្វើចំណាកស្រុកទៅភាគខាងត្បូងទៅកាន់ Xishuangbanna, Pu'er និង Lincang ក្នុងខេត្ត Yunnan ។ ជ្រលងដំរីព្រៃ Xishuangbanna គឺជាជម្រកមួយរបស់ពួកគេ។
ជ្រលងដំរីព្រៃ បានអនុញ្ញាតឱ្យអ្នកទេសចរអាចសង្កេតមើលដំរីព្រៃអាស៊ីនេះពីលើស្ពានឈើប្រកបដោយសុវត្ថិភាព នឹងបានឃើញការរស់របស់ដំរីតាមបែបធម្មជាតិ។ ជ្រលងដំរីព្រៃអាស៊ីនេះ ក្រៅតែពីទស្សនាការរស់នៅរបស់សត្វដំរីតាមបែបធម្មជាតិ អ្នកទេសចរអាចដើរមើលព្រៃត្រូពិក សារមន្ទីរដំរីព្រៃអាស៊ី ឧទ្យានវិទ្យាសាស្ត្រដំរី និងគម្រោងទេសចរណ៍ផ្សេងៗទៀត ដែលទាក់ទងជាមួយដំរីអាស៊ីព្រៃយ៉ាងជិតស្និទ្ធ ដែលត្រូវបានគេឱ្យឈ្មោះថា «ស្ពានទំនាក់ទំនងរវាងមនុស្ស និងដំរីអាស៊ី»។
សូមជម្រាបថា កញ្ញា ថាន រស្មី អ្នកសម្របសម្រួលកម្មវិធីតុមូលនយោបាយប្រចាំសប្តាហ៍ Fresh Talk តំណាងឱ្យបណ្ដាញព័ត៌មាន Fresh News រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាញផ្សព្វផ្សាយធំៗជុំវិញពិភព និងប្រធានអ្នកថតរូប នៃទីភ្នាក់ងារថតរូបដ៏ល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមន្រ្តីរដ្ឋាភិបាលនៃប្រទេសជាច្រើនទៀត បានធ្វើដំណើរទស្សកិច្ចទៅកាន់ស្រុក តាឌូហ្គាង (Dadugang) ស្ថិតនៅភាគខាងជើងនៃទីក្រុង ជីងហុង (Jinghong) នៃតំបន់ស្វយ័ត ស៊ីស័ងបានណា (Xishuangbanna) ខេត្ត Yunnan ប្រទេសចិន ដើម្បីសិក្សាឈ្វេងយល់អំពីការរស់នៅរបស់សហគមន៍ប្រជាពលរដ្ឋ ព្រមជាមួយការអភិរក្សសត្វដំរីព្រៃ និងសត្វព្រៃជាច្រើនផ្សេងទៀតនៃព្រៃត្រូពិចរបស់ប្រទេសចិន៕