(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានបង្ហាញការគាំទ្រចំពោះសង្គ្រាមបង្ហូរឈាម បង្ក្រាបគ្រឿនញៀនខុសច្បាប់ នៅក្នុងប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ប្រធានាធិបតី Rodrigo Duterte មុនពេលមានដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ប្រទេសចិន ដោយមេដឹកនាំដែលកំពុងមានភាពចំរូងចំរាស់រូបនេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។
ការបង្ក្រាបគ្រឿងញៀនេះ បានបណ្តាលឲ្យមនុស្សជាង៣,៧០០នាក់ស្លាប់ ចាប់តាំងពីខែកក្កដា គិតទាំងការសម្លាប់ដោយដៃក្រុមប៉ូលិស ព្រមទាំងការសម្លាប់ ក្នុងកាលៈទេសៈ ដែលមិនបានពន្យល់ពីមូលហេតុ ធ្វើឲ្យមានការថ្កោលទោស ពីបណ្តាប្រទេសលោកខាងលិច ក្នុងនោះរួមទាំងអង្គការសហប្រជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។
«យើងយល់ និងគាំទ្រ នូវគោលនយោបាយរបស់ហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅក្រោមការដឹកនាំ របស់លោក Duterte»។ នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ។
លោក Duterte នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក នៅខាងក្រៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីតាំងពីខែមិថុនា។ ដំណើរទស្សនកិច្ចនេះ គឺបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលបានជាប់គាំង ដោយបញ្ហាជម្លោះនៅសមុទ្រចិនភាគខាងត្បូង។
លោក Duterte បាននឹងកំពុងស្វែងរកក្នុងការកសាងទំនាក់ទំនង ជាមួយចិននិងរុស្ស៊ី ខណៈកំពុងប្រើពាក្យសំដីតិះដៀល ប្រឆាំងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធការពារ និងអតីតម្ចាស់អាណានិគមន របស់ហ្វីលីពីន។ លោកបានប្រើពាក្យសម្តីខ្លាំងៗឥតសំចៃ ឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក នៃសង្គ្រាមរបស់លោក លើបទឧក្រិដ្ឋកម្ម ដែលសហរដ្ឋអាមេរិក បានព្រួយបារម្ភអំពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
លោក Duterte បានលុបចោលសមយុទ្ធត្រួតពិនិត្យរួមគ្នា ជាមួយសហរដ្ឋអាមេរិក នៅតំបន់សមុទ្រចិនភាគខាងត្បូង ហើយលោកបានគម្រាម កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង ជាមួយសហរដ្ឋអាមេរិក ព្រមទាំងបានហៅលោក Barack Obama ថា «កូនមីសំផឹង» និងបានបង្ហាញពីក្តីព្រួយបារម្ភ ស្តីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះ។
លោកក៏បានកោតសរសើរ ប្រធានាធិបតីចិន លោក Xi Jinping ថាជា «ប្រធានាធិបតីដ៏ល្អមួយ» ហើយក៏បានកោតសរសើរចិន និងរុស្ស៊ី ពីការបង្ហាញការគោរព ដោយមិនបានរិះគន់លើការបង្រ្កាបគ្រឿងញៀនរបស់លោក៕