(កណ្ដាល)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានជំរុញសមណនិស្សិត និស្សិតទាំងអស់ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវដាក់ចិត្តខិតខំរៀនសូត្រទៅតាមជំនាញដែលខ្លួនស្រលាញ់ ហើយខំរៀនឲ្យចេះ ប្រើឲ្យចំ និងធ្វើឲ្យមានផលប្រយោជន៍ ដើម្បីក្លាយខ្លួនជាបញ្ញវន្តធនធានមនុស្សកម្ពុជា ប្រកបដោយគុណភាព ឈានទៅដល់ការជួយគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន លូតលាស់ទៅមុខជាលំដាប់។

សម្ដេចមហាមន្ត្រី ថ្លែងជំរុញយ៉ាងដូច្នេះនៅក្នុងពិធីបាឋកថាតម្រង់ទិស ប្រគេនជូនសមណនិស្សិត និស្សិត នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សម្ដេចមហាមន្ត្រីបានថ្លែងបន្តថា កូនក្មួយត្រូវឧស្សាហ៍អានសៀវភៅឲ្យបានច្រើន ព្រោះសៀវណាក៏មានប្រយោជន៍ដែរ ហើយអ្នកសរសេរសៀវភៅនីមួយៗសុទ្ធតែគេស្រាវជ្រាវណាស់ គេមានឯកសារយោងច្បាស់ណាស់ ហើយផុសចេញពីគំនិតស៊ីជម្រៅរបស់គេ ទើបគេអាចសរសេរចេញមកប្រកបដោយបញ្ញា ហើយយើងត្រូវខិតខំយកចិត្តទុកដាក់អានឲ្យបានច្រើន យ៉ាងហោចក៏គួរអានយ៉ាងតិចឲ្យបាន ៥០០ក្បាលដែរ ដើម្បីបណ្ដុះគំនិត ឲ្យក្លាយជាមនុស្សដែលមានបញ្ញាស្វាហាប់ គិតរហ័ស គិតបានត្រឹមត្រូវ ប្រកបដោយបញ្ញាស្មារតីល្អ។

សម្ដេចមហាមន្ត្រី បានកោតសរសើរសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានខិតខំកសាងគ្រឹស្ថានសិក្សានេះឡើងតាំងពីជំនាន់គ្មានអ្វីសោះ តែប៉ុន្មានឆ្នាំក្រោយមក លទ្ធផលបានចេញជារូបរាងឡើងយ៉ាងស្គុះស្គាយ ប្រែក្លាយពីដីស្រែ ក្លាយជាទីតាំងសាកលវិទ្យាល័យដែលមានអគារសិក្សាត្រឹមត្រូវច្បាស់លាស់ ដែលនេះពិតជាសមិទ្ធផលដ៏ល្អវិសេសវិសាលមួយសម្រាប់ បណ្ដុះបណ្ដាលកូនចៅខ្មែរជំនាន់ក្រោយ ឲ្យទទួលបានឱកាសសិក្សារៀនសូត្រដោយឥតគិតថ្លៃគ្រប់ៗគ្នា ដែលចាំបាច់កូនក្មួយត្រូវដឹងគុណដល់សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ឲ្យបានគ្រប់ៗគ្នា។

លើសនេះ សម្ដេចមហាមន្ត្រី បានគូសបញ្ជាក់ដល់សមណនិស្សិត និស្សិតទាំងអស់ឲ្យយល់ច្បាស់ពីកតព្វកិច្ចនៅកន្លែងការងារ ពោលគឺបើសិនជាមានការងារធ្វើ មិនថានៅស្ថាប័ណរដ្ឋក្ដី ស្ថាប័ណឯកជនក្ដី ចាំបាច់ត្រូវចេះរក្សា ទុកគ្រប់ឯកសារ មានក្រមសិលធម៌ ពោរពេញទៅសមត្ថភាព ពិសេសគឺត្រូវធ្វើខ្លួនឯងជាមនុស្សមានប្រយោជន៍ដែលចៅហ្វានាយបាត់មិនបាន, បាត់មិនបានចង់សំដៅលើខ្លួនឯងជាមនុស្សដែលមានសមត្ថភាពពេញលេញ រហ័សរហួន ច្បាស់លាស់ការងារប្រកបដោយប្រសិទ្ធភាពដែលញ៉ាំងឲ្យចិត្តចៅហ្វាយនាយដាក់ការទុកចិត្ត ផ្ដល់ការងារ និងកិច្ចការធំៗឲ្យកាន់ ដែលការណ៍នេះហើយជាគុណតម្លៃរបស់បុគ្គលនីមួយៗដែលកូនក្មួយទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំកសាងខ្លួនឲ្យក្លាយជាបញ្ញវន្ត ជាជនមានសមត្ថភាព មានប្រយោជន៍ដល់សង្គមជាតិ ជួយកសាងប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់។

ជាមួយគ្នានេះ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាថា បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបើកចំហរផ្លូវដល់សមណនិស្សិត និស្សិតឲ្យស្គាល់ពីឧបនិស្ស័យរបស់ខ្លួនថា ខ្លួនស្រលាញ់ផ្នែកណា មានជំនាញខាងណា ដើម្បីរៀឲ្យចំជំនាញ មិនខាតពេល ពិសេសទទួលបានឱវាទពីថ្នាក់ដឹកនាំសាលា ថ្នាក់ដឹកនាំប្រទេសជាតិដែលពោរពេញទៅដោយបទពិសោធន៍ ដើម្បីជួយតម្រង់ទិស ណែនាំ បើកផ្លូវឲ្យសមណនិស្សិត និស្សិតមានកម្លាំងចិត្តខំរៀន ប្ដេជ្ញារៀនឲ្យពូកែ និងរៀចំជំនាញរបស់ខ្លួនពិតៗ ដើម្បីក្លាយខ្លួនជាមនុស្សពូកែ ជួយកសាងមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានថេរដីកាបន្តថា រយៈពេល៣ឆ្នាំមកនេះ សាកលវិទ្យាល័យទទួលបានសមណនិស្សិត និស្សិតមកសិក្សារៀនសូត្រដោយឥតគិតថ្លៃចំនួន ២,០៧៨នាក់ ខណៈដែលការអប់រំប្រកប ដោយគុណភាព ជាមួយនឹងការសហការគ្នាជាមួយបណ្ដាសាកលវិទ្យាល័យនានាជាច្រើននៅបរទេសរួមមាន ៖ ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសមាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី ដែលសមណនិស្សិត និស្សិតដែលរៀន ពូកែចាប់ពីឆ្នាំទី៣ទៅ អាចមានឱកាសទៅសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យខាងលើទៅតាមជំនាញរបស់ខ្លួនទៀតផង ដែលកត្តានេះ ជាឱកាសរបស់កូនខ្មែរទៅរៀននៅបរទេស ក្រេបជញ្ជក់ចំណេះដឹង ជំនាញយកមកជួយកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍ រីកលូតលាស់ទៅមុខជាលំដាប់។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រ ថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែល ជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ ។

បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៍មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យបរទេសណានោះឲ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។

សូមបញ្ជាក់ថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប៣២ជំនាញ៕