(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានផ្ញើសាររំលែកទុក្ខជូននាយឧត្តមសេនីយ៍ Prawit Wongsuwon រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសថៃ ចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃប្រទេសថៃ។
នៅក្នុងលិខិតរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសរសេរថា «ការសោយទីវង្គតរបស់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីឯកភាពជាតិ និងវិបុលភាព សុភមង្គលរបស់ប្រជាជនថៃ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុងព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជបុគ្គលិកលក្ខណៈដ៏វិសេសថ្លៃថ្លារបស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃចងចាំជានិច្ច»។
សូមជំរាបថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រប្រទេសថៃ បានសោយទិវង្គត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយជន្មាយុ៨៩ព្រះវស្សា។ ដើម្បីជាការកាន់ទុក្ខការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃនៅពេលនេះ រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ៕