(កំពង់ធំ)៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក អេង ទូច រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់បណ្ឌិត កឹមរ័ត្ន វិសិដ្ឋ, បណ្ឌិត ស៊ា ម៉ៅ, លោក សំ ប៊ុនណា, លោក សូ សុខ, លោក ប៊ិន ឆុំ និងលោក ទូច សុខា ព្រមទាំងសមាជិកសមាជិកាក្នុងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់សិស្សនិទ្ទេស A ចំនួន២០ នាក់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក អេង ទូច បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សជ័យលាភីទាំង ២០នាក់ ដែលទទួលបាននិន្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៣-២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ និងអបអរសាទរជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី និងមាតាបិតា អាណាព្យាបាលសិស្ស ដែលបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំក្នុងខេត្តកំពង់ធំ និយាយជារួម និងនិយាយដោយឡែក ក្រុងស្ទឹងសែនឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ តាមទិសស្លោក «អ្នកចេះ គឺជាប់»

លោក អេង ទូច បានបន្តថា ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ឱពុកម្តាយ, ក្រុមគ្រួសារ, លោកគ្រូ អ្នកគ្រូ និងសាលារបស់ក្មួយៗប៉ុណ្ណោះទេ តែនេះក៏ជាមោទនភាពសម្រាប់ក្រុងស្ទឹងសែនរបស់យើងផងដែរ។ ជ័យលាភីដែលក្មួយៗទទួលបាននាពេលនេះ គឺមានន័យថា ក្មួយៗសម្រេចបាននូវជោគជ័យដ៏ធំមួយនៅក្នុងកងព័ន្ធទី១ ដែលជាដំណាក់កាលដ៏សំខាន់នៃជីវិត ព្រោះនេះជាពេលដែលក្មួយៗត្រូវជ្រើសរើសមុខជំនាញត្រូវរៀនសូត្របន្ត ដែលនឹងកំណត់មុខរបរ ឬទិសដៅជីវិតរបស់ក្មួយៗម្នាក់ៗទៅថ្ងៃអនាគត។

ក្នុងន័យនេះ លោក អេង ទូច បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់ ក៏ដូចជាសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេស សូមជ្រើសរើសមុខជំនាញណា ដែលមានឧត្តមភាព និងមានតម្រូវការខ្ពស់ទៅថ្ងៃមុខ ស្របតាមដំណាក់កាលនៃការរីកចម្រើនឈានឡើងនៃសង្គម-សេដ្ឋកិច្ច នៃមនុស្សជាតិ នៅក្នុងយុគ្គសម័យថ្មីនៃបដិវត្តន៍បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

លោកក៏បានគូសបញ្ជាក់ពីការយកចិត្តដាក់ដ៏ខ្ពស់បំផុតរបស់ សម្ដេចរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស បន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោក អេង ទូច បាននាំ និងប្រគល់រង្វាន់លើកទឹកចិត្តរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជូនសិស្សជ័យលាភីនិទ្ទេស A ចំនួន ២០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន២លានរៀល និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់នាយក និងនាយករងសាលាវិទ្យាល័យកំពង់ធំផងដែរ៕