(ភ្នំពេញ)៖ បើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងហោចណាស់មានគុណតម្លៃ និងផលប្រយោជន៍៨ចំណុចធំៗពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង ពិសេសគឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយប្រជាពលរដ្ឋឱ្យចំគោលដៅ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ប្រសិនបើមានវិបត្តិធំណាមួយដូចជាវិបត្តិជំងឺកូវ១៩ជាដើម។

ការឆ្លុះបញ្ចាំងឱ្យឃើញនូវផលប្រយោជន៍ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ធ្វើឡើងក្នុងឱកាសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីគុណតម្លៃ និងផលប្រយោជន៍នានានៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលយ៉ាងហោចក៏មាន៨ចំណុចធំៗដែរ៖

ទី១. ​បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗ។ ខ្ញុំ​សូមបញ្ជាក់ជាថ្មីថា ​ការ​ចុះ​​ឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត​ទាំង​ស្រុង មិនមានការបង្ខិតបង្ខំ និង មិន​គិត​ថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវចុះឈ្មោះចាប់ពីថ្ងៃនេះដល់ថ្ងៃនោះ ហើយមិនតម្រូវឱ្យទទួលបន្ទុកអ្វីនោះទេ គឺដោយគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង។ ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀតផងដែរ។

ទី២. ​បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះខ្លាចជាប់កាតព្វកិច្ចពន្ធ។ ខ្ញុំក៏សូមបញ្ជាក់​ដែរថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​ធានា​ថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ជូនរដ្ឋឡើយ។

ទី៣. ​ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បង​ប្អូននឹង​ទទួលមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែល​ទទួល​ស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញា​បន​បត្រ​នេះបញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរអាជីវកម្ម និងការងាររបស់បងប្អូនដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។

ទី៤. ​ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញ​ថ្មី (Upskill and Reskill)។ ជាមួយនឹងការ​គាំទ្រ​នេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើន​ប្រាក់ចំណូលនិងបង្កើតការងារសម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

ទី៥. ​ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ប្រៀបដូចជាកូនសោមួយដែលបងប្អូនអាចចាក់ដើម្បីបើក​ទ្វារ​ទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះបងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account - គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ទី៦. ​អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពសម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។ បើគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបន្ថែមការគ្របដណ្ដប់កម្មវិធីមូលនិធិសមធម៌សុខាភិបាលដល់ប្រជាពលរដ្ឋងាយរងហានិភ័យ និងក្រុមគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. បានពង្រីកវិសាលភាពជាបន្តបន្ទាប់ដល់បុគ្គលិកក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងៗទៀតជូនប្រជាពលរដ្ឋគោលដៅ ដែលបច្ចុប្បន្នមានប្រជាជនជាង៧លាន៣សែននាក់ ត្រូវបានគ្របដណ្ដប់ដោយគម្រោងទាំង២នេះ។

ទី៧. ​តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជា គ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម ដូចនៅក្នុងបទពិសោធន៍នៃជំងឺកូវីដ១៩កន្លងទៅ។ និយាយឱ្យខ្លី គឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយបងប្អូនចំគោលដៅ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

ទី៨. ​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាលនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ ការណ៍នេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ បរិយាបន្ន និងភាពធន់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ហើយបញ្ជាក់ទៀតថា «ការដាក់ឱ្យប្រើប្រាស់នូវថ្នាលឌីជីថលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយបងប្អូន មិនមែនដាក់បន្ទុកបន្ថែមដល់បងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ខណៈកិច្ចការនេះគឺផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការចាប់បង្ខំនោះឡើយ»