(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងពីគម្រោង ការពង្រីកអេកូទេសចរណ៍នៅខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ក្នុងគោលដៅបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ។
លោក ឃឹម ប៊ុនសុង បានបន្ត ជម្រុញយុទ្ធនាការផ្សព្វផ្សាយ ( កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ) និងចលនាប្រឡងប្រណាំង (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ) ដោយបានបង្កើតជាស្តង់ដារ ទីក្រុងស្អាត និងរមណីយដ្ឋានស្អាត ។
ការអះអាងរបស់លោក ឃឹម ប៊ុនសុង បានធ្វើឡើង ខណៈលោក អញើញចូលរួម ក្នុងពិធីបើកសម្ពោធគេហទំព័រ និងផែនទីផ្នត់ទេសចរណ៍ស្រុកបន្ទាយស្រី នៅសណ្ឋាគារសោមាទេវី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានោះ លោក អភិបាលខេត្តសៀមរាប ក៏បានសំដែងនូវការកោតសរសើរ ចំពោះស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងក្នុងការរៀបចំផែនទី និងគេហទំព័រតំបន់ទេសចរណ៍ស្រុកបន្ទាយស្រី របស់ថ្នាក់ដឹកនាំមន្ទីរ និងអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរស្រុកបន្ទាយស្រី ដែលបានកំពុងធ្វើពិធីសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលនោះ ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា វិស័យទេចរណ៍ គីជាឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នារវាងគ្រប់ សមាសភាគចូលរួម ទាំងការចូលរួមដោយផ្ទាល់ និងដោយប្រយោល ។
ថ្មីៗនេះវិស័យទេចរណ៍ត្រូវបាន គេទទួលស្គាល់ថា ជាវិស័យសេដ្ឋកិច្ចសង្គម ក្នុងការចូលរួមទ្រទ្រង់កំណើតសេដ្ឋកិច្ច បង្កើតការងាររួមចំណែកកាត់បន្ថយភាពក្រីក្រ ហើយត្រូវបានគេចាត់ទុកវិស័យនេះ ដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងផងដែរ៕