(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថ​ប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូន ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះឲ្យបានទាំងអស់គ្នា ដើម្បីចាប់យកនូវអត្ថប្រយោជន៍ផ្សេង សម្ដៅធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ»

សម្តេចមហាបវរធិបតីបានបន្ដថា «ខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសគណកម្មការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ដកិច្ចខំប្រឹងប្រែងរបស់ខ្លួន ផ្ដល់ការសម្របសម្រួល និងការគាំទ្រ ដោយប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ប្របកដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង ក្រោយការដាក់សម្ពោធ ការដំណើរការ​ថ្នាលឌីជីថលនេះ»

សម្ដេចមហាបវរធិបតីបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង ក្រោយការដាក់សម្ពោធ ការដំណើរការ​ថ្នាលឌីជីថលនេះ ដើម្បីផ្ដល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដោយធានាបានប្រសិទ្ធភាព និងនិរន្ដរភាពនៃថ្នាល ព្រមទាំងកែលម្អចំណុចខ្វះខាតទាំងឡាយ ក្នុងដំណើការនៃការអនុវត្តន៍តាមភាពជាក់ស្ដែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ខ្ញុំសូមយកឱកាសនេះក្រើនរំលឹក ដល់ក្រសួងស្ថានប័ន និងរដ្ឋាបាលគ្រប់លំដាប់ថ្នាកក្រោមជាតិសាជាថ្មី សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ នូវការអនុវត្តន៍វិធានការ គន្លឹះដែលបានចែងក្នុងយុទ្ធសាស្រ្ដជាតិ ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សូមគិតគូររៀបចំនូវសមត្ថភាពគាំទ្រនានាបន្ថែមទៀត សម្ដៅធ្វើយ៉ាងណាឲ្យបងប្អូន ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការយកចិត្តទុកដាក់ ភាពកក់ក្ដៅ និងការជួយគាំពារ ជាពិសេសនូវតាមមូលដ្ឋានប្រកបអាជីវកម្ម និងមុខរបរនានា»