(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រប្រព័ន្ធទាំងអស់ទៅចុះឈ្មោះប្រកបអាជីវកម្មផ្លូវការ ខណៈការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់​ ហើយមិនមានកាតព្វកិច្ចបង់ពន្ធឡើយ ប្រសិនបើទទួលបានផលចំណូលក្រោម​២៥០លានរៀលក្នុង​មួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល​សម្តេច​អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានថ្លែងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចនឹងមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ចឬការចំណាយផ្សេងៗ។ ​

សម្តេចបានគូសបញ្ជាក់ថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះថ្ងៃនេះ ឬថ្ងៃនោះ ឬត្រឹមអវសានវាទនេះ ហើយទទួលបន្ទុកអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ ហើយបងប្អូនស្ម័គ្រចិត្ត ហើយនេះគឺជាគោលដែលបានណែនាំតាំងពីដើម ហើយ​បានហាមដាច់ខាត កុំឱ្យមានការជំរុញឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត»

សម្តេចធិបតី បានលើកឡើងថា ការចុះឈ្មោះនេះមិនត្រឹមតែឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​​ទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុង​មួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់​រៀប​ចំឯកសារប្រកាសពន្ធអ្វីទាំងអស់។​ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល​ចំពោះសុខទុក្ខ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ និងធានាថាគ្មានការចំណាយ និងមិនចាំបាច់ណាមួយដែលអ្នកប្រកបរបរក្រៅប្រព័ន្ធបង់ពន្ធជូនរដ្ឋឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយចុះឈ្មោះ និង​ទទួល​ការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែល​ទទួល​ស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបន​បត្រ​នេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរអាជីវកម្ម និងការងាររបស់​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់​ក្រសួង-ស្ថាប័ន​របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅ​ប្រើ​ប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។

ជាមួយគ្នានេះ ការចុះឈ្មោះនឹងផ្តល់​លទ្ធ​ភាព​ឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាម​រយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមាន​សមត្ថ​ភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់​ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

សម្តេចមហាបវរធិបតី បានលើកឡើងបន្ថែមផងដែរថា ការចុះឈ្មោះអ្នកសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់​ ដើម្បីបើក​ទ្វារ​ទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពី​គ្រឹះ​ស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម ​ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ អត្ថប្រយោជន៍សំខាន់​មួយ​ទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិ​សន្តិ​សុខ​សង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និង​ងាយ​ស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខ​ភាព​សម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ៕