(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយលោកបណ្ឌិត MITSUFUMI MAYUMI សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ FUKUI នៅទីក្រុងFukui ប្រទេសជប៉ុន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MoU ជាមួយនឹងសាកលវិទ្យាល័យនានា នៅក្រៅប្រទេសចំនួន២៥ រួចមកហើយរួមមាន៖ ទី១-ប្រទេសអង់គ្លេស ចំនួន៥ រួមមាន សាកលវិទ្យាល័យ Regent’s University London, សាកលវិទ្យាល័យ York Saint John, មហាវិទ្យាល័យ Cambridge Tutors College, Springboard4Cambodia និងមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS ទី២-សហរដ្ឋអាមេរិក ចំនួន២ រួមមាន មហាវិទ្យាល័យ Shoreline Community College និងមជ្ឈមណ្ឌល តេស្តអន្តរជាតិ TOEFL ទី៣-ប្រទេសសិង្ហបូរី គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ទី៤-ប្រទេសចិន ចំនួន៨ រួមមាន សាកលវិទ្យាល័យ Youjiang Medical University, សាកលវិទ្យាល័យ Guilin University of Technology, សាកលវិទ្យាល័យ Guilin Medical University, សាកលវិទ្យាល័យ Guagxi University of Foreign Language, សាកលវិទ្យាល័យ Guagxi University of Nationalities, សាកលវិទ្យាល័យ Guangxi Teachers Education University, សាកលវិទ្យាល័យ Guilin Tourism University និងសាកលវិទ្យាល័យ WUHAN University ទី៥-ប្រទេសកូរ៉េ ចំនួន៣ រួមមាន អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, សាកលវិទ្យាល័យ Sangmyung និងសាកលវិទ្យាល័យ SUNY KOREA INCHEON ទី៦-ប្រទេសជប៉ុន គឺសាកលវិទ្យាល័យ HOSEI ទី៧-ប្រទេសម៉ាឡេស៊ី ចំនួន២ រួមមាន សាកលវិទ្យាល័យ Kuala Lumpur University និងសាកលវិទ្យាល័យ Taylor University ទី៨-ប្រទេសថៃ ចំនួន៣ រួមមាន សាកលវិទ្យាល័យ Bangkok, University of the Thai Chamber of Commerce និងសាកលវិទ្យាល័យ RAJAMANGALA University។
តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសសរុប៤១នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ១១នាក់, ប្រទេសសិង្ហបូរី ២៩នាក់, និងប្រទេសចិនម្នាក់ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MoU ជាមួយសាកលវិទ្យាល័យ FUKUI នៃប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូអន្តរជាតិ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នា ទៅវិញ ទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរ និសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ។
លើសពីនេះទៀត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជ្រើសរើសសាកលវិទ្យាល័យ ជាដៃគូល្អៗ ដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្ស-និស្សិត ដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។
បន្ទាប់មក លោកបណ្ឌិត MITSUFUMI MAYUMI សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ FUKUI បានថ្លែងថា លោកមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ FUKUI បានចុះ MoU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនេះ ព្រោះដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានកេរិ៍ឈ្មោះល្អ និងឈានមុខគេមួយនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបញ្ជាក់ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MoU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ FUKUI នៃទីក្រុងFukui ប្រទេសជប៉ុន ហើយការចុះហត្ថលេខានេះ សាកលវិទ្យាល័យទាំងពីរ នឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសដល់សិស្ស-និស្សិត ពីកម្ពុជា ឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិត ទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ ទៅថ្ងៃអនាគត បានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ៕