(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗអត់ពន្ធ ចំនួន០២គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹកដីខណ្ឌដូនពេញ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពី លោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយចល័ត សហការ ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗ ដែលចាប់បានរួមមាន ម៉ាក Rang Rover មួយគ្រឿង ចាប់បាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ និងម៉ាក Land Cruiser មួយគ្រឿង ចាប់បាននៅផ្លូវបាស្ទ័រ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញដូចគ្នា។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។
គួរបញ្ជាក់ថា កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធ ជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕