(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ចិន បានយល់ឃើញដូចគ្នាថា បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិន និងអាស៊ាននោះទេ។ នេះបើតាម សេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-ចិន ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសនៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីទាំងពីរយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិន និងអាស៊ាននោះទេ។ បញ្ហានេះ គួរតែត្រូវដោះស្រាយតាមរយៈ​ការពិគ្រោះ​យោបល់ជាលក្ខណៈមិត្តភាព និងការចរចាដោយសន្តិវិធី ដែលធ្វើឡើងដោយរដ្ឋអធិបតេយ្យដែលពាក់ព័ន្ធផ្ទាល់»

សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់បន្ថែមថា៖ «ចិននិងអាស៊ានគួរតែបន្តអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ របស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឲ្យ "ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង" សម្រេចឲ្យបានឆាប់ ដោយឈរលើគោលការណ៍ កុងសង់ស៊ីសទៅវិញទៅមក តាមរយៈការពិគ្រោះយោបល់»

ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសកម្ពុជា-ចិន បានជំរុញឱ្យចិន និងអាស៊ានគួរតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែសកម្ម និងរួមគ្នា ថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើឲ្យតំបន់នេះ ជាតំបន់សមុទ្រដែលមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះរវាងចិន និងប្រទេសបណ្តាអាស៊ានចំនួន៤ បានចាប់ផ្តើមឡើងកំដៅកាន់តែខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសចិនបាន​បង្កើតកោះ​សិប្បនិម្មិតមួយនៅកណ្តាលសមុទ្រ ដើម្បីតាំងមូលដ្ឋានទ័ពរបស់ខ្លួន៕