(ភ្នំពេញ)៖ ផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត ដើម្បីវាយតម្លៃការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវកិច្ចការជាយុទ្ធសាស្រ្តមួយចំនួនសម្រាប់ឆ្នាំ២០២៥ខាងមុខ។

ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមជំនួយការ របស់ផ្នែកប្រមាណជិត៣០០នាក់ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោម អធិបតីភាព លោក ពៅ ប៉ូលីណែល សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត និងជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ យុវជនគណបក្សថ្នាក់កណ្តាល។

អង្គប្រជុំ បានលើកយកនូវរបៀបវារៈគន្លឹះ ចំនួនពីរ មកធ្វើការពិភាក្សា៖ ១. របាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និង ២. ទិសដៅការងារជាយុទ្ធសាស្រ្តបន្ត។
 
អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស ដោយក្នុងនោះបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែកសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងរឹងមាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលទ្ធផលការងារ ដែលផ្នែកផែនការយុទ្ធសាស្រ្តសម្រេចបាននាពេលកន្លងមកជាពិសេស ការរៀបចំឯកសារជំនួយស្មារតីនានាសម្រាប់ឲ្យសកម្មជនយុវជនគណបក្សយកទៅ ប្រើប្រាស់ ក្នុងមូលដ្ឋានរបស់ខ្លូនក្នុងវាយបកទៅលើការរិៈគន់មួលបង្កាច់ គ្មានមូលដ្ឋានច្បាស់លាស់របស់មជ្ឈដ្ឋានប្រឆាំងនានាមកលើគណបក្ស។

ចំពោះទិសដៅការងារជាយុទ្ធសាស្រ្តបន្ត អង្គប្រជុំបានសម្រេច ធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌយុទ្ធសាស្រ្តយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២៥ -២០២៨ ឲ្យស្រប ទៅតាមបរិបទនយោបាយថ្មី ដោយផ្តោតការយកចិត្តទុកដាក់ទាំង ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង និងការងារបោះឆ្នោត តាមរយៈការពង្រឹងរបៀបរបបការងារ ការពង្រឹងទស្សនៈ គោលជំហ និងសកម្មភាព ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាពយុវជនគណបក្សឲ្យក្លាយទៅជា ទំពាំងស្នងឬស្សីបន្តវេនប្រកបដោយ គុណធម៌ និងប្រសិទ្ធភាពការងារខ្ពស់ជូនជាតិ និងប្រជាជនកម្ពុជា៕