(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរជាថ្មីថា ដោយខ្លួនទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិន ស្របច្បាប់តែមួយគត់ ហើយប្រឆាំងចំពោះការប្រកាស​ឯករាជ្យរបស់តៃវ៉ាន់ ទោះក្នុងទម្រង់ណាក៏ដោយ។ នេះបើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-ចិន ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសនៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។

ការប្រកាសជំហររបស់កម្ពុជាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោកប្រធានាធិបតី ស៊ី ជិនពីង និងគណៈប្រតិភូជាន់ខ្ពស់របស់ចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ  ទទួលស្គាល់រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាច កាត់ផ្តាច់បានរបស់ចិន»។ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសប្រឆាំងការ​ប្រកាស​ឯករាជ្យរបស់តៃវ៉ាន់ទោះក្នុងទម្រង់ណាក៏ដោយ ព្រមទាំងការបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងបុព្វហេតុ ដ៏ធំធេង ក្នុងការបង្រួបបង្រួមប្រទេសចិនដោយសន្តិវិធីផងដែរ៕