(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ និងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា លី ឃីម ដែលត្រូវជាម្តាយក្មេក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកា លី ឃីម ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា បានទទួលមរណភាពនាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១២:០៩នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ»។
នៅក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយនៃសព និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា មរណភាពរបស់ឧបាសិកា លី ឃីម គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមាននូវព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ ហើយក៏ ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែបានចូលរួមចំណែកលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក។
សម្តេចធិបតីនាយករដ្ឋមន្រ្តី សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា លី ឃីម សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕