(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។
ការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច ហើយបានបន្តដំណើរទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
គោលដៅសំខាន់នៃបេសកកម្មរបស់លោករដ្ឋមន្ដ្រី គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។
លោក ឌិត ទីណា បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ លោក ឌិត ទីណា បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។
លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។
ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួន ដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះ លោករដ្ឋមន្ដ្រី បានដាក់«គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់»។
លោកក៏បានណែនាំដល់មន្ដ្រីជំនាញអមដំណើរ ឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។
បើតាមលោករដ្ឋមន្ដ្រី, ការនេសាទអាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន» ឡើយ ប្រសិនបើគ្មានការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនចំណូលគ្រួសារផង និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានផង៕