(សេអ៊ូល)៖ ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនទំនងជាអាចនឹងខាតបង់ប្រាក់ចំណេញជាង៣ពាន់លានដុល្លារ នៅក្នុងរយៈពេលពីរ ត្រីមាសបន្ទាប់ ដោយសារតែការបញ្ឈប់ការលក់ទូរសព្ទដៃស្មាតហ្វូន Samsung Galaxay Note 7 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ ២០១៦។
ជាមួយគ្នានោះ ក្រុមហ៊ុន Samsung ក៏បានព្យាករណ៍ដែរថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រាក់ចំណេញសរុបដល់ទៅជាង៥,៣ ពាន់លានដុល្លារ ក្រោយពីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ខ្លួនបានខាតបង់ប្រាក់ចំណេញ២,៣ពាន់លានដុល្លារ នៅត្រីមាសទី៣នេះ។
ដោយឡែកបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ Samsung នៅថ្ងៃសុក្រនេះវិញថា ផលប៉ះពាល់អវិជ្ជមានអាចមានពីចន្លោះ ១,៨ ដល់ ២,៦ ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៤ ក្នុងឆ្នាំ២០១៦នេះ ដូច្នេះទើបក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បានសម្រេចចិត្តបង្កើនការលក់ទូរស័ព្ទដៃ ស្មាតហ្វូន Samsung Galaxy S7 និង S7 edge ដើម្បីទប់ទល់នឹងការខាតបង់។
គួររំលឹកថា ដោយសារបញ្ហា Samsung Galaxay Note 7 បានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុន Samsung ធ្លាក់ចុះ អស់៨ភាគរយ នៅសប្ដាហ៍នេះ ហើយបានកើនឡើងវិញត្រឹមតែ០,៦ ភាគរយប៉ុណ្ណោះ នៅម៉ោង ២៖២៨នាទី (ត្រូវនឹងម៉ោងសកល) នៅថ្ងៃសុក្រនេះ៕