(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញត្រឡប់ដល់មាតុភូមិដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ប្រទេសចំនួន៤ នៅតំបន់មជ្ឈិមបូព៌ា រយៈពេល១សប្តាហ៍ ដោយជោគជ័យ។

ទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ រហូតដល់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ក្នុងនោះមានប្រទេសទី១៖អារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) និងទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុងអាបូដាប៊ី)។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅបណ្តាប្រទេសទាំង៤នេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់ៗ ដើម្បីផ្លាស់ប្តូរទស្សនៈ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ បាមបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕