(ភ្នំពេញ)៖ មូលនិធិ The Max Plancek Foundation សម្រាប់សន្ដិភាពអន្ដរជាតិ និងនីតិរដ្ឋ នៅប្រទេសអាល្លឺម៉ង់ នឹងសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីធ្វើការបណ្ដុះបណ្ដាលផ្នែកស្រាវជ្រាវសិទ្ធិមនុស្ស និងមន្ដ្រីអនុវត្តច្បាប់លើការងារសិទ្ធិមនុស្ស ហើយអ្វីដែលសំខាន់នោះ មូលនិធិនេះនឹងបណ្ដុះបណ្ដាលមន្ដ្រីផ្នែកសរសេរបាយការណ៍ អំពីសិទ្ធិមនុស្ស ដើម្បីផ្ញើជូនអង្គការសហប្រជាជាតិ។

នេះបើតាមការបញ្ជាក់ របស់លោក ឌឹម សុវណ្ណារ៉ុម អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបសវនាការរវាង លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Tilmann J.Roder ប្រធានមូលនិធិ The Max Plancek Foundation សម្រាប់សន្ដិភាពអន្ដរជាតិ និងនីតិរដ្ឋ នៅប្រទេសអាល្លឺម៉ង់ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

ក្នុងកិច្ចជំនួបនេះ លោក កែវ រ៉េមី បានបញ្ជាក់ប្រាប់គណៈប្រតិភូអាល្លឺម៉ង់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំអបអរសាទរ ទិវាសិទ្ធិមនុស្ស ដែលមានលក្ខណៈសំខាន់ៗ ជាប្រព្រឹត្តការណ៍ធំៗ៣គឺ ទី១-នឹងរៀបចំទិវាសិទ្ធិមនុស្ស ដោយសហការជាមួយសាលារាជធានីភ្នំពេញ ទី២-នឹងរៀបចំទិវាសិទ្ធិមនុស្ស នៅខេត្តតាកែវ និងទី៣-នឹងធ្វើការផ្សព្វផ្សាយអំពី សិទ្ធិមនុស្សទៅដល់ព្រះសង្ឃចំនួន១,០០០អង្គ។

លើសពីនេះ លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើសុំឲ្យ មានការរៀបចំរួមគ្នា នូវប្រព្រឹត្តិការណ៍ផ្សេងៗ ក្នុងស្មារតីនៃការលើកកម្ពស់គោរពសិទ្ធិមនុស្ស។ បន្ថែមពីនេះ លោក កែវ រ៉េមី ក៏បានស្នើសុំដែរ លើការងារស្រាវជ្រាវ ឲ្យមន្ដ្រីគណៈកម្មាធិការសិទ្ធិ មានការយល់ដឹងឲ្យកាន់តែខ្ពស់អំពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្ដែករណីនេះភាគីអាល្លឺម៉ង់ ក៏បានឯកភាពរួចហើយដែរ។

សូមបញ្ជាក់ថា មូលនិធិThe Max Plancek Foundation សម្រាប់សន្ដិភាពអន្ដរជាតិ និងនីតិរដ្ឋ នៅប្រទេសអាល្លឺម៉ង់ ផ្ដល់ជាជំនួយបច្ចេកទេសដល់បណ្ដាប្រទេសនានា តាមរយៈកិច្ចពិគ្រោះយោបល់ និងបណ្ដុះបណ្ដាល ផ្នែកច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អន្ដរជាតិ និងទំនាក់ទំនងរវាងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ នីតិវិធីច្បាប់ និងបទដ្ឋាននានាក្នុងការកាត់ក្ដី ដោយត្រឹមត្រូវ និងព្រមទាំងពង្រាងលិខិតបទដ្ឋានគតិយុត្ដ និងជំនាញក្នុងការសរសេរផងដែរ៕