(ភ្នំពេញ)៖ តាមរយៈវីដេអូជាង ១១នាទី របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាអន្តរជាតិស្តីពី «ភាពធន់សហគមន៍» រយៈពេល២ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយជោគជ័យហើយ ដោយទទួលបានធាតុចូលសំខាន់ៗជាមេរៀន និងបទពិសោធន៍ជាច្រើនក្នុងការកសាង និងពង្រឹងភាពធន់សហគមន៍ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្ម។
ជាលទ្ធផលក្នុងរយៈពេល២ថ្ងៃនេះ អង្គសិក្ខាសាលាបានរៀបចំសម័យប្រជុំពេញអង្គចំនួន២ គឺ (ទី១) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៤ ក្នុងនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឡើងធ្វើបទអន្តរាគមន៍ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងទីក្រុង»។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏មានវេទិកាពិភាក្សាតុមូលចំនួន២ទៀត គឺ (ទី១) ស្តីពី «ការពង្រឹងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២) ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងដំណើរការនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៥ ផងដែរ។
តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា «តាមរយៈបទអន្តរាគមន៍នានាពីបណ្តាសមាគមជាតិផ្សេងៗ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាគមជាតិនីមួយៗ ក្នុងការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ និងផ្នែកនគរូបនីយកម្ម»។
លោកស្រីបានគូសបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះ គឺបានចែករំលែកពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកជុំវិញបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ ការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងអស់នេះ គឺចាំបាច់ត្រូវផ្តោតលើកម្លាំងនៅមូលដ្ឋានដ៏រឹងមាំ ជាពិសេសគឺភាពជាអ្នកដឹកនាំរបស់មូលដ្ឋាន ដូចពាក្យស្លោកថា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ក៏ដូចជាការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកស្ដាប់ប្រសាសន៍របស់លោកស្រី ម៉ែន នារីសោភ័គ ដែលមានដូចខាងក្រោមនេះ៖