(កំពង់ស្ពឺ)៖ ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដំណាក់រាំង នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្សភូមិ និងសាខាគណបក្សអង្គភាព ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ។

ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឈួរ សុបញ្ញា អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង លោក មួងធី ប្រធានគណបក្សស្រុក សមាជិកសមាជិកាគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្ស សរុបប្រមាណជិត ៣០០នាក់ ក្នុងនោះស្រីចំនួន ៥៣ នាក់ ផងដែរ។

លោក មួង ធី បានផ្ដាំផ្ញើដល់ប្រធាន អនុប្រធានត្រូវយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ហើយបានដាក់សេចក្តីសង្ឃឹម និងទុកចិត្តទៅលើសមាជិកទាំង ១៨ភូមិ និង ៣សាខាអង្គភាព។

លោក ឈួរ សុបញា បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ លិខិតអត្រានុកុលដ្ឋាន លិខិតបញ្ជាក់មរណភាព។ល។ឲ្យបានទាន់ពេល ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យទទួលបានសេវានេះ។ ការធ្វើបែបនេះ វាមានផលប្រយោជន៍រៀងៗខ្លួន ទាំងអ្នក ផ្តល់សេវា និងអ្នកទទួលសេវា។ យោងតាមបច្ចកវិទ្យាទំនើបនយុគសម័យ ឌីជីថលនេះ ការងាររដ្ឋបាលសាធារណៈ បានជួយការងាររដ្ឋបាល កាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
    
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ុក កោសា បានណែនាំដល់ដល់ក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុទុយភូមិឆ្នាំ២០២៤ ទាំងសិស្សជាប់និទ្ទេសA-B-C-D និង E ត្រូវមានការឈ្វែងយល់ពីរបៀបរបបការងារដែល មានការប្រកួតប្រជែងកាន់តែខ្លាំងក្លាក្នុងតំបន់ និងពិភពលោក សិក្សានូវជំនាញដែលខ្លួនពេញចិត្ត ហើយសង្ឃឹមថា ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានល្អ ហើយសិក្សាចប់ ត្រូវយកចំណេះទាំងអស់នោះមកចូលរួមអភិវឌ្ឍប្រទេសជាតិយើង ឲ្យទទួលបានភាពរីកចម្រើន និងស្របតាមចក្ខុវិស័យដ៏ស្រស់ថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកបណ្ឌិត បានកោតសរសើរ ក្មួយៗ ចៅៗ ដែលមានវាសនាល្អ ពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានសិក្សាជំនាញផ្សេងៗ ពេលបញ្ចប់ការសិក្សាទុតិយភូមិទៅចាប់យកជំនាញរៀងៗខ្លួន ដែលខ្លួនចង់បាន ធ្វើឲ្យធនធានមនុស្សរបស់កម្ពុជាយើង កាន់តែមានភាពលេចធ្លោក្នុងឆាកអន្តរជាតិ និងពិភពលោកនាពេលអនាគតផងដែរ៕