(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃប្រទេសថៃ។
នៅក្នុងលិខិតរបស់គណបក្សសង្រ្គោះជាតិដដែលបាន បានសរសេរថា «យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សសង្រ្កោះជាតិ សូមសម្តែងការថ្វាយ និងការជូននូវ ការរំលែកទុក្ខ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង ពោរពេញដោយក្តីសោកស្តាយចំពោះ ព្រះមហាក្សត្រីយានី និង ព្រះរាជវង្សានុវង្ស ឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋថៃ។ ការសោយទិវង្គត របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត គឺជាបាត់បង់ដ៏ធំធេង របស់ប្រជាពលរដ្ឋថៃ ក៏ដូចជាការបាត់បង់របស់ប្រជាជាតិ លើសកលលោកផងដែរ»។
សូមជំរាបថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រប្រទេសថៃ បានសោយទិវង្គត កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយជន្មាយុ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃនេះ រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំផងដែរ៕