(ភ្នំពេញ)៖ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង ប្រធានសមាគម ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញនូវសមាសភាពក្រុមប្រឹក្សាប្រតិបត្តិថ្មីនៃសមាគមក្នុងអាណត្តិទី១០ ព្រមទាំងរាយការណ៍ជូនពីសមិទ្ធផលការងាររយៈពេល៥ខែរបស់សមាគម និងស្នើសុំអនុសាសន៍ពីលោកជំទាវឯកអគ្គរាជទូត សម្រាប់បេសកកម្មរបស់ខ្លួនក្នុងអាណត្តិថ្មីនេះ។
ក្នុងឱកាសនេះដែរ លោកស្រីបានថ្លែងការកោតសរសើរចំពោះរបាយការណ៍លម្អិតរបស់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏មមាញឹករបស់សមាគមក្នុងអាណត្តិទី១០ ក្នុងរយៈពេល ០៥ ខែកន្លងមកនេះ ដែលបានជួយលើកកម្ពស់សាមគ្គីភាពក្នុងចំណោមនិស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងចំណេះដឹងនានាអំពីប្រទេសកម្ពុជាផងដែរ។
លើសពីនេះ លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចដល់សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ និងនៅបន្តគាំទ្រដល់សមាគម ដើម្បីបម្រើផលប្រយោជន៍និស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ជាចុងក្រោយ លោកស្រីឯកអគ្គរាជទូត បានលើកទឹកចិត្តដល់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឲ្យខិតខំបន្តការងារ និងផ្សព្វផ្សាយអំពីសកម្មភាពរបស់ខ្លួនឲ្យបានទូលំទូលាយថែមទៀត ជាពិសេសនៅតាមបណ្តាញទំនាក់ទំនងសង្គមនានា និងជំរុញពង្រីកសាខាសមាគមនិស្សិតនៅតាមតំបន់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ៕