ប្រធានាធិបតីស៊ីរី៖ សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង ក្នុងបរិបទដែលស្ថានភាព ពិភពលោកបច្ចុប្បន្ន ស្ថិតនៅមាត់ជ្រោះសង្រ្គាមត្រជាក់
14-10-2016 15:58
(មូស្គូ)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាស្សាដ បានធ្វើការព្យាករណ៍ផ្ទាល់ខ្លួនលោកថា សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង ខណៈស្ថានភាពបច្ចុប្បន្ននៅក្នុងពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមត្រជាក់ ដោយក្នុងនោះស៊ីរីជាកត្តាជម្រុញមួយដ៏សំខាន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានប្រចំាសប្ដាហ៍រុស្ស៊ី Komsomolskaïa pravda លោក អាស្សាដ បានលើកឡើងដូច្នេះថា «ពាក្យសង្រ្គាមលោកលើកទី៣ ត្រូវបានគេប្រើ ជាញឹកញាប់ តួយ៉ាងបន្ទាប់ពីមានជម្លោះ និងសង្រ្គាមកើតឡើងជាច្រើន ជាក់ស្ដែងដូចជា ស្ថានភាពនៅស៊ីរី ដែលអាចជាកត្តាជម្រុញមួយដ៏សំខាន់។ ក៏ប៉ុន្តែនៅពេលនេះយើងកំពុងស្ថិត នៅក្នុងស្ថានភាពមួយដែលត្រឡប់ទៅកាន់ សង្រ្គាមត្រជាក់ ព្រោះថា សញ្ញាមួយចំនួនដែល លេចឡើងនាពេលថ្មីៗនេះធ្វើឱ្យខ្ញុំគិតថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក មិនបានបញ្ឈប់ការធ្វើសង្រ្គាមត្រជាក់នោះឡើយ បើទោះជាសហភាពសូវៀតដួលរលំទៅ ហើយក៏ដោយ»។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ លោក អាស្សាដ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សារព័ត៌មានលោកខាងលិចជាច្រើន បាននំាគ្នាចុះផ្សាយថា ទីក្រុងមូស្គូ បានអំពាវនាវឱ្យក្រុម មន្ត្រី និង អ្នកនយោបាយរបស់ខ្លួននៅក្រៅប្រទេស ត្រឡប់ចូលមកស្រុកវិញ ដែលនេះហាក់ដូចជារុស្ស៊ី កំពុងត្រៀមខ្លួនធ្វើសង្រ្គាម៕