(នីហ្សេរីយ៉ា)៖ ភរិយាប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari បាននិយាយថា លោកស្រីអាចនឹងមិនបោះឆ្នោតគាំទ្រស្វាមីរបស់ខ្លួន នៅអាណត្តិក្រោយនេះទេ លុះត្រាតែលោក Buhari រុះរើរដ្ឋាភិបាលរបស់លោកជាមុនសិន ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១៤ខែតុលា ឆ្នាំ ២០១៦។
លោកស្រី Aisha Buhari នៅក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍ BBC បានអះអាងថា ប្ដីរបស់ខ្លួនមិន បានដឹងឡើយថា មន្ត្រីរដ្ឋាភិបាល ដែលលោកតែងតំាង មានមួយចំនួនធំត្រូវបាន តែងតំាងឡើងក្រោមឥទ្ធិពល មនុស្សមួយក្ដាប់តូច។ លោកស្រី Aisha បានបន្តថា «គាត់មិនទាន់ ផ្ដល់ចម្លើយឱ្យខ្ញុំទេ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត រួចហើយ បើសិនជារឿងបែបនេះនៅតែកើតមានរហូតដល់ឆ្នាំ២០១៩ នោះខ្ញុំនឹងមិនធ្វើយុទ្ធនាការស្នើឱ្យស្ត្រី នីហ្សេរីយ៉ាទំាងអស់ បោះឆ្នោតឱ្យគាត់ (លោក Muhammadu Buhari ) ដូចដែលខ្ញុំធ្លាប់បានធ្វើកាលពីពេល មុន ហើយខ្ញុំក៏នឹងមិនធ្វើរបៀបនេះម្ដងទៀតនោះដែរ»។
គួររំលឹកថា លោក Muhammadu Buhari មានអាយុ ៧៣ឆ្នាំ និងជាអតីតមេដឹកយោធា បានជាប់ឆ្នោតជា ប្រធានាធិបតីនៅឆ្នាំ២០១៥ បន្ទាប់ពីលោកបានសន្យាយ៉ាងមុតមំាថា នឹងបោសសំអាតក្រុម Boko Haram ក៏ដូចជាអំពើ ពុកលួយនៅក្នុងប្រទេសនីហ្សេរីយ៉ា។ យ៉ាងណាក៏ដោយ លោក Muhammadu Buhari ហាក់មិនទាន់បញ្ជាក់ទេថា លោកនឹងចូលរួមឈរឈ្មោះក្នុងការបោះឆ្នោត នៅឆ្នាំ២០១៩ ឬក៏អត់៕