(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងសម័យតេជោសន្ដិភាព បើនិយាយអំពីពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ "អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ"ពីថ្ងៃទី១៣-១៤-១៥ធ្នូ ឆ្នាំ២០២៤នេះ នៅលើទឹកដីខេត្ដកំពតដ៏ស្រស់បវរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមានការរៀបចំ តាំងពិព័រណ៍ផលិតផលជាតិនិងអន្តរជាតិ, ព្រមទាំងមានការលេងល្បែងរបាំកម្សាន្ដផ្សេងៗ ជាច្រើនមានដូចជា៖ ការសម្តែងសិល្បៈចម្រុះជាតិសាសន៍, របាំផលិតអំបិល, ការប្រគំតន្ត្រី ,ប្រដាល់ក្បាច់គុនខ្មែរ , មហោស្រពម្ហូបអាហារ , កីឡាលើទឹក, រត់ប្រណាំង , ជិះកង់ , កីទ្បាបង្ហោះខ្លេង, បង្ហោះគោម និងការបាញ់កាំជ្រួចចម្រុះពណ៌ពេញវេហា ក្រោមអំណរសាទរពោរពេញដោយស្នាមញញឹមពីមហាជនជាតិ និងអន្ដរជាតិ យ៉ាងអធិកអធមនិងសប្បាយរីករាយ។

នេះបង្ហាញឲ្យឃើញថា ពិធីបុណ្យសមុទ្រខេត្ដកំពត នាជំនោរខ្យល់ត្រជាក់អមដោយការប្រទានពរជ័យប្រោសព្រំពីព្រះពិរុណនារដូវខែកក្ដិតចុងរដូវវស្សាដ៏ប្រពៃថ្លៃថ្លានេះ គឺជាស្ពានឧទ្ទិសពីអរិយធម៌សន្ដិភាព ដ៏ត្រជាក់ត្រជុំនៃពិធីបុណ្យសមុទ្រនេះ ទៅកាន់់លំហសមុទ្រដ៏ធំល្វីងល្វើយ និងទៅដល់ប្រទេសនានាលើពិភពលោក។ ពីព្រោះពិធីបុណ្យសមុទ្រ ជាការឧទ្ទិសពីតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារ ប្រពៃណីផលិតអំបិលមានគុណភាពខ្ពស់លើពិភពលោក និងការតាំងពិពណ៌ផលិតផលដ៏សំបូរបែបរបស់ខេត្ដកំពតជាប់ឆ្នេរសមុទ្រ ដើម្បីជាស្ពានចម្លងឆ្លងឆ្ឆោះទៅដល់អ្នកជំនួញ ឬអ្នកទេសចរមកពីបណ្ដាប្រទេសនានាលើពិភពលោក យ៉ាងរស់វើកនិងស្រស់បំព្រង។

ដូច្នោះបើយើង ធ្វើដំណើរមកដល់ទីរួមខេត្ដកំពត យើងនឹងឃើញសមិទ្ធផលថ្មីៗ ជាច្រើនឥតគណនាកំពុងរីកដុះដាលលើគ្រប់វិស័យ ពិសេសការស្ថាបនាសេះសមុទ្របាញ់ទឹក ,ការស្ថាបនានាទ្បិការ ដ៏ធំស្កឹមស្កៃនិងប្រណិតជានិមិត្ដរូបខេត្ដកំពតថ្មីមួយទៀត ដើម្បីបម្រើឲ្យសោភណ្ឌលភាពខេត្ដ ព្រមទាំងមានការរៀបចំ ពន្លឺភ្លើងចម្រុះពណ៌តាមទីប្រជុំជន និងតាមដងវិថីនានា គួរជាទីគយគន់ដល់ទេសចរជាតិ និងអន្ដរជាតិមកពីគ្រប់ទិសទី ដើម្បីលើកកម្ពស់បរិស្ថានសមុទ្រ ដ៏សម្បូរបែបឲ្យមាននិរន្តរភាពតរៀងទៅ៕