Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចមួយសប្តាហ៍ ក្នុងប្រទេសចំនួន

13-12-2024 18:39

(អាប៊ូដាប៊ី, អេមីរ៉ាតអារ៉ាប់រួម)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរដល់រដ្ឋធានីអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអាប៊ូដាប៊ី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ដំណើរអញ្ជើញដល់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ សភាប្រទេសអេមីរ៉ាតអារ៉ាប់រួម និងឥស្សរជនការទូតរបស់កម្ពុជា ជាច្រើនរូប។

នៅអេមីរ៉ាតអារ៉ាប់រួម សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក សាឃើរ ហ្គោបាហ្ស ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្តែងការគួរសមជាមួយព្រះអង្គម្ចាស់ សេក្ខ មហាម៉េដ ពិន ហ្សេយឺត អាល ណាហ៊ីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអេមីរ៉ាត់អារ៉ាបរួម។

សម្តេចតេជោ និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕