(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ នាំទៅលែងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។

ជាមួយគ្នានេះដែរ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។

សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។

«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ពីពពោះរយៈពេល៧ខែ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។

សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់៕