(កំពត)៖ នៅល្ងាចថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត។
ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ។
កម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ នៅពេលនិយាយអំពីបេតិកភណ្ឌ ប្រាកដគេនឹងនឹកឃើញដល់ប្រាសាទបុរាណដែលបុព្វបុរសខ្មែរ បានបន្សល់ទុកនៅ ស្ទើរគ្រប់គោលដៅពាសពេញផ្ទៃប្រទេស ក្លាយជាបេតិកភណ្ឌជាតិនិងជាបេតិភណ្ឌពិភពលោក ដែលជាមោទនភាពដ៏សម្បើមសម្រាប់ខ្មែរជាកូនចៅជំនាន់ក្រោយ។
ការដាក់ចេញប្រធានបទនេះ គឺមានគោលបំណងរំលេចឱ្យឃើញថា កម្ពុជាមានបេតិកភណ្ឌសម្បូរបែបមិនត្រឹមតែនៅតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ឆ្នេរសមុទ្រក៏មានបេតិកភណ្ឌដែរ ពោលគឺមានបេតិកភណ្ឌទាំងនៅដីគោក (លើដី ក្នុងដី) និងនៅក្រោមទឹក។
តួយ៉ាងដូចនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលគ្របដណ្តប់បួនខេត្ត មានបេតិកភណ្ឌច្រើនណាស់ដូចជា៖ មានសំពៅលិច ដែលអ្នកជំនាញបានស្រាវជ្រាវរកឃើញកុលាលភាជន៍ ពពួកសេរ៉ាមិក (កោះស្តេច) កន្លែងតម្កល់មឈូសឈើ ពាងក្រឡធំៗដាក់សពសម័យបុរាណ (នៅជីផាត) ទីទួលស្លាកស្នាមមនុស្សរស់នៅជាដើម។ ដោយឡែកនៅខេត្តកំពតនេះ ក៏មានបេតិកភណ្ឌច្រើនដែរ រាប់តាំងពីសំណង់ស្ថាបត្យកម្មសម័យអាណានិគម ប្រាសាទនៅក្នុងរូងភ្នំ (ភ្នំឈ្ងោក) នៅគុហាហ្លួងភ្នំកំពង់ត្រាច ភ្នំទទុង ភ្នំខ្យង ព្រមទាំងវិហារបុរាណ ទីទួលបុរាណផ្សេងៗទៀត។
និយាយជារួម ប្រធានបទបុណ្យសមុទ្រឆ្នាំនេះ ចង់រំលេចឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអភិរក្សថែរក្សាធនធានធម្មជាតិជីវៈចម្រុះបេតិកភណ្ឌនៅតំបន់ឆ្នេរ និងការអភិវឌ្ឍប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចីរភាពនៃសក្តានុពលទសចរណ៍តំបន់ឆ្នេរ ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយទៀត។
ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ នេះ ប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ និងមានភាពអធិកអធម គណៈកម្មការអន្តរក្រសួងគ្រោងរៀបចំសកម្មភាពនិងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា៖
* ការផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរសាទរផងដែរ។
* មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផល និង គម្រោងអភិវឌ្ឍន៍ទេសចរណ៍ របស់ខេត្តតំបន់ឆ្នេរ ការតាំងពិព័រណ៍សមិទ្ធផលរបស់ក្រសួង ស្ថាប័ន ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ភូមិម្ហូបអាហារតំបន់ ផលិតផលក្នុងស្រុកនិងផលិតផលទូទៅ។
* សកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិ ព្រមទាំងមានសកម្មភាពកម្សាន្តជាច្រើនទៀត។
តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងច្រើនដល់វិស័យទេសចរណ៍កម្ពុជា៖
ទី១) ផលប្រយោជន៍ក្នុងការផ្សព្វផ្សាយ៖ ការផ្សព្វផ្សាយពិតជាមានភាពចាំបាច់ និងសំខាន់ខ្លាំងណាស់ បើយើងមានរបស់ល្អផលិតផលល្អ តែយើងមិនបានផ្សាយ ពិតណាស់មិនមានការដឹងជ្រួតជ្រាបទូលំទូលាយទេ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមផលិតផលទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជារបស់យើងមានសក្តានុពល។ សាធារណជនព្រមទាំងទេសចរទាំងអស់ ដែលបានឃើញ និងបានចូលរួមដោយផ្ទាល់ ពិតជាមានភាពសប្បាយរីករាយ និងជួយផ្សព្វផ្សាយអំពីសក្តានុពលឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយថែមទៀត។
ទី២) ជួយជំរុញ និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជារួម និងដោយឡែកការអភិវឌ្ឍផ្ទាល់នៅមូលដ្ឋានទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍។
ទី៣) ពង្រឹង និងការលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ទី៤) ផលប្រយោជន៍សេដ្ឋកិច្ច៖ ការរៀបចំឱ្យមានព្រឹត្តិការណ៍ គឺជាការចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។ មានព្រឹត្តិការណ៍ មានទេសចរ មានប្រជាពលរដ្ឋកុះករ ចូលរួមអបអរ ធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរ យើងទទួលបាននូវផលចំណេញទាំងអស់គ្នា ជាពិសេស គឺប្រាក់ចំណូលនៅមូលដ្ឋានផ្ទាល់ ទាំងអ្នកប្រកបរបររកទទួលទានដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ និងបងប្អូនប្រកបរបរប្រយោលផ្សេងៗទៀត ដែលអាចរួមចំណែកប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕