(សៀមរាប)៖ លោកបណ្ឌិត ឡៅ គឹមលាង អ្នកស្រាវជាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីសូហ្វីយ៉ា នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោក ជា ណុល តំណាងនៃក្រុមគាំទ្ររួមសម្រាប់ សហគមន៍អភិវឌ្ឍន៍អង្គរ (JST) ទទួលបានលិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន សម្រាប់ឆ្នាំ២០២៣ ដែលមានស្នាដៃក្នុងវិស័យអប់រំ និងជំរុញចំណងមិត្តភាពកម្ពុជា-ជប៉ុន។

ថ្លែងក្នុងពិធីនោះនាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា លោកបណ្ឌិត ឡៅ គឹមលាង ចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៧៤ ក្នុងនាមជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន និងបានបញ្ចប់ការសិក្សាពី ដេប៉ាតឺម៉ង់ស្ថាបត្យកម្មនៃមហាវិទ្យាល័យវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ។ លោកបានបន្តការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ទទួលបានបណ្ឌិតផ្នែក វិស្វកម្មអភិវឌ្ឍន៍សង្គម។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានធ្វើការនៅអង្គការធានាគុណភាពជប៉ុន ក្នុងវិស័យវាយតម្លៃបរិស្ថាន និងវិញ្ញាបនប័ត្រវិធានការទប់ទល់នឹងការឡើងកំដៅផែនដី។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩១ ដល់២០០២ លោកជាសមាជិកនៃ «បេសកកម្មអង្កេតនៃសាកលវិទ្យាល័យសូហ្វីយ៉ាសម្រាប់ការសិក្សា និងការអភិរក្សប្រាសាទអង្គរ»។ ទន្ទឹមនឹងនោះលោកបណ្ឌិត ឡៅ គឹមលាង ជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ី នៃសាកលវិទ្យាល័យសូហ្វីយ៉ា។ ការស្រាវជ្រាវរបស់លោកផ្តោតលើភាសា និងវប្បធម៌កម្ពុជា។ នៅឆ្នាំ១៩៩៣ លោកបានសហការបោះពុម្ពសៀវភៅសន្ទនាភាសាខ្មែរដំបូងគេ ដែលមិនធ្លាប់ មាននៅក្នុងប្រទេសជប៉ុន និងបានបកប្រែផ្នែកផ្សេងៗនៃអក្សរសិល្ប៍ខ្មែរទៅជាភាសាជប៉ុន និងអ្នកស្រាវជ្រាវជនជាតិជប៉ុន ព្រមទាំងបានដកស្រង់សំណេរ អត្ថបទ និងការបកប្រែរបស់លោកបានចូលរួមចំណែកក្នុងការលើក កម្ពស់ការផ្លាស់ប្តូរការសិក្សារវាងប្រទេសជប៉ុន និងកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ថែមថា ចាប់ពីឆ្នាំ២០០៣ ក្នុងតួនាទីជាអ្នកស្រាវជ្រាវរួមគ្នានៅសកលវិទ្យាល័យសូហ្វីយ៉ា លោកបានចូលរួមក្នុងការណែនាំប្រព័ន្ធគ្រប់គ្រងបរិស្ថានក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលនៃគម្រោងនេះបានធ្វើឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរក្លាយជាបេតិកភណ្ឌពិភព លោកដំបូងគេមិនធ្លាប់មាន ដែលទទួលបានវិញ្ញាបនបត្រ ISO 14001 (ដប់បួនពាន់មួយ) ក្នុងឆ្នាំ២០០៦។

លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក លោកបណ្ឌិត ឡៅ គឹមលាង បានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលប្រាសាទអង្គរ ដែលធ្វើការជាផ្នែកមួយនៃក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីសូហ្វីយ៉ា នៃសាកលវិទ្យាល័យ សូហ្វីយ៉ា។ លោកក៏បន្តធ្វើការជាមួយអាជ្ញាធរជាតិអប្សរាលើសកម្មភាពអភិ រក្សបរិស្ថាន នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងចូលរួមសកម្មភាពលើកកម្ពស់ការអប់រំបរិស្ថាននៅសាលាបឋមសិក្សា និងមធ្យមសិក្សាក្នុងប្រទេសកម្ពុជា។

ចំពោះស្នាដៃរបស់លោក ជា ណុល គិតចាប់ពីឆ្នាំ១៩៩៤ លោកបានធ្វើការអស់រយៈពេលជាង១០ឆ្នាំ ក្នុងនាមជាអ្នកបកប្រែ ជាអ្នកទំនាក់ទំនង និងជាអ្នកមើលការខុសត្រូវការដ្ឋាននៃ ក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការការពារប្រាសាទអង្គរ (JSA)។ បន្ទាប់មកអស់រយៈពេល១៤ឆ្នាំ ចាប់ពីឆ្នាំ២០០៥ លោក ជា ណុល បានចូលរួមក្នុងគម្រោងស្តារការដ្ឋានឡើងវិញ ក្នុងនាមជាជំនួយការប្រធាន JSA និងជាអ្នកសម្របសម្រួលគម្រោង។

បន្ថែមពីនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា នៅឆ្នាំ២០០៥ លោក ជា ណុល បានបង្កើតអង្គការមួយឈ្មោះថា ក្រុមគាំទ្ររួមសម្រាប់សហគមន៍អភិវឌ្ឍន៍អង្គរ (JST) ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់សហគមន៍សម្រាប់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យនានាដូចជា៖ សាលារៀន និងការអប់រំរបស់កុមារ និងផ្លូវ ថ្នល់ ស្ពាន ក្នុងគោលបំណងជួយប្រជាជនកម្ពុជានៅជនបទឱ្យមានឯករាជ្យភាពប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបាន។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា លោក ជា ណុល បានចូលរួមចំណែកក្នុងការបង្កើតអនុវិទ្យាល័យបាយ័នក្នុងឆ្នាំ២០១៣ និងវិទ្យាល័យបាយ័ន ក្នុងឆ្នាំ២០១៩ តាមរយៈសកម្មភាពរបស់ JST ហើយវាបានធ្វើឱ្យអត្រាចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យនៅជនបទមានភាពប្រសើរឡើង។ លើសពីនេះក៏បានទទួលយកនិស្សិតសាកលវិទ្យាល័យជប៉ុន មកធ្វើជាអ្នកហាត់ការនៅសាលារៀនទាំងនេះ JST បានរួមចំណែកដល់ការពង្រីកការយល់ដឹងសម្រាប់យុវជនជប៉ុន។

ឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះលោកបណ្ឌិត ឡៅ គឹមលាង និងលោក ជា ណុល ដែលទទួលបានលិខិតសរសើរពីរដ្ឋមន្ត្រី ការបរទេសជប៉ុន សម្រាប់ឆ្នាំ២០២៣។ ព្រមទាំងសូមអភ័យទោសចំពោះការយឺតយ៉ាវក្នុងការរៀបចំពិធីនេះ ដែលគួរតែធ្វើឡើងកាលពីឆ្នាំមុន នៅពេលដែលលិខិតសរសើរត្រូវប្រកាសនៅពេលនោះ។

លោកបណ្ឌិត ឡៅ គឹមលាង និងលោក ជា ណុល បានថ្លែងនូវការអរគុណជាអនេកចំពោះលោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលបានផ្តល់កិត្តិយសដ៏ថ្លៃថ្លានេះជូនពួកលោក។ លោកបន្តថា តាមការពិតការងារដែលលោកបានធ្វើគ្រាន់តែជាការងារសមញ្ញៗដែលលោកចង់ជួយដល់ប្រទេសកំណើតទាំង២ គឺប្រទេសកម្ពុជា បានផ្តល់កំណើត ចំណែកប្រទេសជប៉ុនបានជួយឲ្យេពួកលោករួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងផ្តល់នូវការអប់រំយ៉ាងល្អ៕