(ភ្នំពេញ)៖ «ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។
នេះគឺជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
បាឋកថានេះ មានការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។
ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ លោក ក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី សិទ្ធិមនុស្ស ដែលត្រូវបានអនុវត្តជាទូទៅនៅជុំវិញពិភពលោក។
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជនត្រូវខិតខំរៀនសូត្រ និងធ្វើខ្លួនជាមនុស្សលេចធ្លោប្រកបដោយភាពប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ លោកបន្តថា បើសិនបើអាចធ្វើបាន យុវជននឹងក្លាយជាមូលធនដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិដែលជាសេចក្តីត្រូវការពិតប្រាកដរបស់រាជរដ្ឋាភិបាល។
លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព បានថ្លែងថា សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ ទីផ្សារការងារ និងយុគ្គសម័យឌីជីថល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។
គួរជម្រាបជូនថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់និស្សិត និងសមណនិស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា និងលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕