(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ការក្រើនរម្លឹកយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោប់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៣ ស្ថិតនៅបរិវេណវត្តពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមផងដែរ។

លោក លី សំរិទ្ធ បានបន្តថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ 

លោកបានបញ្ជាក់ថា ចំពោះសំណួររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅកង្វល់ក្នុងអង្គវេទិកាពេលនេះ ដែលពុំអាចបកស្រាយបំភ្លឺបាន នឹងយកទៅពិនិត្យ និងពិភាក្សា ក្នុងគ្របខណ្ឌរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងស្រុកពួក នឹងឆ្លើយតបជូនដំណឹងជាលាយលក្ខ័អក្សរដល់ម្ចាស់សំណួរ តាមរយៈក្រុមប្រឹក្សាឃុំ តាមមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ប្រកបដោយឆន្ទៈម្ចាស់ការ និងមនសិការ ប្រកបដោយ វីជ្ជាជីវៈ ព្រមទាំង ធ្វើការឆ្លើយតបទៅនឹងតម្រូវការនានា ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួកបន្ថែម ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្តីសុខ ពេញចិត្តជឿជាក់គាំទ្រលើការដឹកនាំរបស់រដ្ឋបាលដែនដី និងរាជរដ្ឋាភិបាល។

លោក លី សំរិទ្ធ បានបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ពិតជាជំហានរីកចម្រើនថ្មី សម្រាប់រដ្ឋបាល ខេត្តសៀមរាប ក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត នៅថ្នាក់មូលដ្ឋានឱ្យកាន់តែរឹងមាំ។ លោកក៏បានថ្លែងអំណរគុណចំពោះតំណាងមន្ទី អង្គភាពនានា ដែលបានស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

លោក ឌី រ៉ាដូ បានការកោតសរសើរចំពោះប្រជាពលរដ្ឋក្នុងស្រុក ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

លោកក៏បានជំរុញដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យតាមដាន ចំពោះជនខិលខូច ដែលបានធ្វើឱ្យប៉ះពាល់ដល់សមាគមន៍មនុស្សចាស់ ក្នុងស្រុកពួក និងរួមគ្នាដោះស្រាយរាល់គ្រប់បញ្ហា ដែលក្នុងសហគមន៍ជួបប្រទះ ដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរ និងសំណូមពរ ផ្ទាល់មាត់ចំនួន៨ និងសំណួរសំណូមពរជាលាយលក្ខ័អក្សរចំនួន៤ ដែលប្រជាពលរដ្ឋលើកឡើងជាក់ស្ដែង ដោយលើកឡើងពីសេវាយឺតយ៉ាវ, សមាគមន៍មនុស្សចាស់, សុំឱ្យមានគ្រូពេទ្យប្រចាំនៅវិទ្យាល័យ, ការងារអត្រានុកូលដ្ឋាន, សុំឱ្យមានអន្តេវាសិកដ្ឋានសម្រាប់សិស្ស និងគ្រូមកពីឆ្ងាយៗ និងប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អាជ្ញាធរអប្សរា ដើមី្បធ្វើស្រែចំការផងដែរ៕