(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ផ្អែកលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អគារសេនាធិការដ្ឋាន ដែលត្រូវបញ្ចុះបឋមសិលាសាងសង់នេះ មានកម្ពស់៣ជាន់ ចំណាយថវិកាចំនួន ៧៥០,០០០ដុល្លារ ទៅតាមរចនាបថស្ថាបត្យកម្មខ្មែរ គំរូប្លង់ឯកភាពតែមួយដែលបានដាក់ចេញដោយនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បានលើកឡើងថា ភូមិសាស្ត្រខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏សំខាន់ មានកំពង់ផែអន្តរជាតិ ដឹកជញ្ជូនទំនិញតាមច្រកសមុទ្រ និងមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនដែលបម្រើឲ្យ វិស័យសេដ្ឋកិច្ច និងកាអភិវឌ្ឍរីកចម្រើន។ ការសាងសង់អគារនេះ នឹងបម្រើការងាររដ្ឋបាលទីបញ្ជាការ យ៉ាងសំខាន់សម្រាប់ដឹកនាំបញ្ជា ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះ គ្រោះមហន្តរាយនានា។

លោកបាននាំយកនូវបណ្តាំការសួរសុខទុក្ខ នឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុទាំងមូល ព្រមជាមួយនឹងការជូនពរទទួលបានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ចម្រុងចម្រើន និងសំណាងល្អជានិច្ច។

ឆ្លៀតឱកាសនេះ លោកបានលើកឡើងពីការអនុវត្តន៍តាមគោលគំនិតដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានដាក់ចេញកិច្ចការជាអាទិភាព៧ចំណុចជាមូលដ្ឋាន៖ ហូប ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំ រៀនសូត្រ មធ្យោបាយធ្វើដំណើរ និងឧបករណ៍សម្ភារ និងកំសាន្ត សប្បាយ និងគោលនយោបាយសរសើរ លើកទឹកចិត្ត ព្រមទាំងដោះស្រាយទុក្ខលំបាក។

លោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងអស់ ដែលបានអនុវត្តតាមគោលគំនិតដឹកនាំរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

តាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកបានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានរួមចំណែកគាំទ្រជួយឧបត្ថម្ភថវិកា និងសម្ភារៈសម្រាប់ដំណើរការសាងសង់នេះ៕