(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងជាច្រើនរូបទៀតផងដែរ។
លោក កែវ ច័ន្ទលី បានថ្លែងថា ការងារផ្សព្វផ្សាយផេកព័ត៌មាន និងសាតទស្សន៍នៃមន្ទីរព័ត៌មានខេត្តបានចុះផ្សាយ និងបង្ហោះព័ត៌មានក្នុងខេត្តបានចំនួន ១៣១៥ អត្ថបទ រូបភាព និងព័ត៌មានជាតិចំនួន ៤,៨២២ អត្ថបទ-រូបភាព។ បានបន្តសុពលភាពអាជ្ញាបណ្ណបានចេញលិខិតអនុញ្ញាតឱ្យបន្តបើកអាជីវកម្ម កាសែត ចំនួន ១អាជ្ញាបណ្ណ គេហទំព័រចំនួន៩អាជ្ញាបណ្ណ បានចេញលិខិតអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មតាមស្លាកយីហោ Office និងប៉ាណូ ចំនួន ១៤៣ទីតាំង។
លោកបានបន្តថា អង្គភាពសារព័ត៌មានក្នុងខេត្តស្វាយរៀង មានកាសែតចំនួន៣អង្គភាព គេហទំព័រចំនួន ២២អង្គភាព ស្ថានីយវិទ្យុផ្សាយផ្ទាល់ចំនួន ៣ស្ថានីយស្ថានីយ វិទ្យុផ្សាយបន្តចំនួន៤ស្ថានីយ ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១ស្ថានីយ (បច្ចុប្បន្នផ្សាយតាម Online) ស្ថានីយទូរទស្សន៍ផ្សាយបន្តចំនួន ៥ស្ថានីយ អង្គភាព។
លោក ម៉ែន អេង បានលើកឡើងពីសមិទ្ធផលនានា ក្រោមការប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង សម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន និងស្នើសុំឱ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មានដែលពិត ជាពិសេសជួយផ្សព្វផ្សាយ សមិទ្ធផលរបស់ខេត្តស្វាយរៀងឱ្យបានច្រើនចៀសវាងផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។
បន្ថែមលើសពីនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដាំផ្ញើមន្ទីរព័ត៌មានខេត្តស្វាយរៀង គួររៀបចំកម្មវិធី សិក្ខាសាលា បើកវគ្គបង្រៀនខ្លីៗ ដល់បងប្អូនអ្នកសារព័ត៌មានឱ្យបានយ៉ាងហោចណាស់ មួយឆ្នាំម្ដង និងដើម្បីឆ្លៀត ឱកាសសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង ដើម្បីទទួលយកសំណូមពរផ្សេងៗ របស់បងប្អូនអ្នកសារព័ត៌មានងាយស្រួលក្នុងការដោះស្រាយបញ្ហានៅចំពោះមុខ៕