(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យមន្រ្តីកម្ពុជា-ចិន ខិតខំបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបង្កើតគម្រោងចុះកម្មសិក្សា និងការផ្លាស់ប្ដូរទ្វេភាគី។
នេះជាសំណើ១ ក្នុងសំណើទាំង៤ របស់លោក នេត្រ ភក្ត្រា ក្នុងវេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សហការរៀបចំដោយក្រសួងព័ត៌មាន ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។
បើតាមលោក នេត្រ ភក្ត្រា កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កាន់តែរឹងមាំ និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងបុព្វហេតុនេះ លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំ និងផ្តល់ជាអនុសាសន៍ ឲ្យបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។
លោកបានលើកឡើងថា «ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ ពួកយើងគួរយកចិត្តទុកដាក់ជាពិសេស លើការបណ្ដុះបណ្ដាលធនធានយុវជនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ យើងអាចពិចារណាលើការបង្កើតគម្រោងចុះកម្មសិក្សា និងការផ្លាស់ប្ដូរទ្វេភាគី ដើម្បីឱ្យអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាជាយុវជនវ័យក្មេងអភិវឌ្ឍជំនាញរបស់ខ្លួន តាមរយៈការអនុវត្តការរាយការណ៍ព័ត៌មានផ្ទាល់ និងជាក់ស្ដែង ពេលចុះកម្មសិក្សា និងផ្លាស់ប្ដូរកម្មវិធីនៅប្រទេសជាភាគី»។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកមាតិកាខ្លឹមសារ ដោយផ្ដល់យោបល់ ឱ្យប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ បង្ហាញពីលក្ខណៈពិសេស និងសមិទ្ធផលអភិវឌ្ឍន៍ របស់ប្រទេសរៀងៗខ្លួន តាមរយៈការសហការផលិតសេចក្ដីរាយការណ៍ព័ត៌មាន និងកម្មវិធីវប្បធម៌ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពង្រឹងភាពស៊ីជម្រៅ និងភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ព្រមទាំងជំរុញធ្វើឱ្យមានភាពឆ្លាតវៃ និងជាក់លាក់ក្នុងការផ្សព្វផ្សាយព័ត៌មាន។
ជាមួយគ្នានេះ លោកស្នើឲ្យរួមគ្នាឆ្លើយតបបញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយផងដែរ។ លោកបានថ្លែងថា នៅក្នុងសម័យកាល ដែលជោរជន់ដោយព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភាន់ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
លោកបានលើកឡើងថា «ពួកយើង អាចប្រើប្រាស់បច្ចេកវិទ្យាឱ្យបានល្អ និងបង្កើតក្របខណ្ឌពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈមធ្យោបាយ ដូចជា ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឆ្លាតវៃ ការផ្ទៀងផ្ទាត់ទិន្នន័យឆ្លាតវ័យ និងការឆ្លើយតបពីអ្នកប្រើប្រាស់ជាដើម ដើម្បីពង្រឹងសមត្ថភាពចាប់ និងទប់ទល់ព័ត៌មានក្លែងក្លាយ ព្រមទាំងរួមគ្នាការពារជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ»។
បន្ថែមលើនេះ លោក នេត្រ ភក្ត្រា ស្នើប្រើប្រាស់បច្ចេកវិទ្យាជំរុញនវានុវត្តន៍។ លោកបានឲ្យដឹងថា ស្របពេលដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ពួកយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានពេញលេញ ដើម្បីជំរុញការច្នៃប្រឌិតថ្មីក្នុងការបង្កើតមាតិកា ខ្លឹមសារ និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ពួកយើងអាចបង្កើនការរាយការណ៍ព័ត៌មាន ឱ្យបានកាន់តែរហ័ស ត្រឹមត្រូវ និងជាក់លាក់ ព្រមទាំងនាំមកនូវបទពិសោធន៍កាន់តែសម្បូរបែបក្នុងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ទស្សនិកជនរបស់ខ្លួន។
ចំណែកលោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំនេះជាឆ្នាំសំខាន់សម្រាប់ការផ្លាស់ប្តូរប្រជាន និង ប្រជាជន រវាងប្រទេសចិន និងកម្ពុជា។ ក្រោមការចង្អុលបង្ហាញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាង កម្ពុជា-ចិន» ដែលសម្រេចរួមគ្នាដោយលោក Xi Jinping ប្រធានរដ្ឋចិន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរបានប្រារព្ធធ្វើឡើងប្រកបដោយផ្លែផ្កា ដែលបានលើកកម្ពស់ការយល់ដឹងពីគ្នា និង ការរៀនសូត្រពីវប្បធម៌រវាងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Chen Cong បានបន្តថា ការផ្សព្វផ្សាយព័ត៌មានគឺជាវិស័យដ៏សំខាន់មួយនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងប្រទេសចិននិងកម្ពុជា។ លោកថា ប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរតែងតែដើរតួជាអ្នកចូលរួមយ៉ាងសកម្ម និង អ្នកគាំទ្រយ៉ាងរឹងមាំ ដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។
បើតាមលោក Chen Cong ចាប់តាំងពីដើមឆ្នាំនេះមក សកម្មភាពផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ដូចជា «កិច្ចសន្ទនាវិទ្យាសាស្ត្រ៖ ទស្សនៈកម្ពុជាចំពោះការរះឡើងវិញរបស់ចិន ក្នុងបណ្ដាញផ្សព្វផ្សាយសកល», «កិច្ចសន្ទនាស្តីពីដំណើរថ្មីនៃកំណែទម្រង់របស់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន» និង «កិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយរួមតាមប្រទេសទន្លេឡានឆាងមេគង្គឆ្នាំ២០២៤» ជាដើម ត្រូវបានរៀបចំធ្វើឡើងជាបន្តបន្ទាប់។ កិច្ចសន្ទនាស៊ីជម្រៅ ការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ និងបានបង្ហាញពីភាពរឹងមាំនៃមិត្តភាព កម្ពុជា- ចិន៕