(ភ្នំពេញ)៖ បន្ទាប់ពីបង្កើតយុទ្ធនាការជាង១ឆ្នាំមកនេះ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ថតុលាការ ឬហៅកាត់ថា អ.ដ.ក បានធ្វើការដោះស្រាយសំណុំរឿងយ៉ាងសកម្មជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ អ.ដ.ក នេះ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ការផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ គិតចាប់ពីថ្ងៃទី១ ខែកក្កដា មក អ.ដ.ក បានទទួលសំណុំរឿងជាង៤០០ករណី និងបានដោះស្រាយជូនប្រជាពលរដ្ឋបានប្រមាណជា១៥% បើទោះបីនេះជាចំនួនមួយដែលតិច ប៉ុន្តែនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីអ.ដ.ក ដែលបានបំពេញកិច្ចការងាររបស់ខ្លួនដោយយកចិត្តទុកដាក់។

លោកបានបន្តថា សំណុំរឿងដែលអ.ដ.ក ទទួលបានភាគច្រើនជាសំណុំរឿងស្មុគស្មាញក្នុងការដោះស្រាយ ហើយការដោះស្រាយតាមរយៈការសម្រុះសម្រួលផ្សះផ្សានេះទៀតសោត គឺមានការលំបាកច្រើន និងត្រូវការប្រើប្រាស់ពេលវេលាបន្តិចទំរាំភាគីទាំងសងខាង អាចសម្រុះសម្រួលគ្នាបាន។ លោកក៏បានបញ្ជាក់អំពីទិសដៅបន្ទាប់ក្នុងឆ្នាំ២០២៥ ដែលអ.ដ.ក នឹងអនុវត្តដើម្បីធានាបាននូវប្រសិទ្ធភាព​ គុណភាព និងភាពឆាប់រហ័សបន្ថែមទៀតជូនប្រជាពលរដ្ឋផងដែរ៕

តើរយៈពេល១ឆ្នាំមកនេះ អ.ដ.ក បានសម្រេចនូវលទ្ធផលការងារអ្វីខ្លះនោះ? សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង កញ្ញា រួម ឆាដា និងលោក ជិន ម៉ាលីន ដូចតទៅ៖