(ពោធិ៍សាត់)៖ ផ្លូវចាក់បេតុង ផ្លូវគ្រួសក្រហម បង្គោលភ្លើង សួនច្បារ ព្រះវិហារកសាងថ្មី និងសមិទ្ធផលនានាផ្សេងៗទៀត ដែលចំណាយថវិកាអស់៨៤លានរៀល និងជាង១៦ម៉ឺនដុល្លារ ជាថវិការបស់លោក លោកស្រី សប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ព្រមទាំងព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ នៅបរិវេណវត្តបឹងខ្នារ ស្ថិតភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន។
ក្នុងពិធីនោះក៏បានការនិមន្ត និងចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត, លោកស្រី ឯម ប៉ុណ្ណា សមាជិករដ្ឋភា និងជាតំណាងរាស្ត្រមណ្ឌល ពោធិ៍សាត់ និងប្រតិភូសមាគមកម្ពុជា ទ្រទ្រង់អំពើល្អជាសកល មានសមាជិក ១០ប្រទេស ជាក់ស្តែងចូលរួម ៣ប្រទេស រួមមាន ថៃ ឡាវ និងភូមា។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរចំពោះ លោក លោកស្រី សប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ព្រមទាំងព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីកសាងសមិទ្ធផលនេះឡើង។ ជាមួយគ្នានោះ បងប្អូនត្រូវចូលរួមថែរក្សា ឲ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗ ប្រើប្រាស់ជាសម្បត្តិរួម។
លោកបានលើកឡើងថា «ពលរដ្ឋយើង ដែលមានអាយុក្រោម៤០ឆ្នាំ បានត្រឹមតែដឹង ប៉ុន្តែមិនដែលបានឆ្លងកាត់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ៨ខែ និង២០ថ្ងៃនោះទេ ព្រោះថារបប ប៉ុល ពត នេះ បានប្រែក្លាយប្រទេសកម្ពុជា ទៅជាសោកនាដកម្ម រងទុក្ខទោសដ៏សែនមហាឈឺចាប់ ពុំធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនៅលើសកលលោក»។ លោក បន្ថែមថា សមិទ្ធិផលដែលលេចធ្លោនាពេលនេះ និងសមិទ្ធផល ដែលបានស្តារ អភិវឌ្ឍន៍ឡើងវិញ ចាប់ពីលេខសូន្យ រហូតមានការរីកចម្រើន មកទល់សព្វថ្ងៃ ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ គឺដោយសារប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកអភិបាលខេត្ត បញ្ជាក់ថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់។ ជាចុងក្រោយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា និងអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលមាននៅក្នុងវត្តបឹងខ្នារជាផ្លូវការ ព្រមទាំងបានរាប់បាតប្រគេនចង្ហាន់ព្រះសង្ឃជាច្រើនអង្គផងដែរ។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន និងក្រុមការងារ បានបន្តចូលរួមរំលែកទុក្ខគ្រួសារសព ៣នាក់ឪពុកកូន និងមីង ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបាឡែនមួយគ្រឿង បើកលឿនបានរ៉េចង្កូតបុករះ ចូលផ្ទះលក់ចាប់ហួយ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតក្បាលស្ពានថ្ម ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សម្ភារៈប្រគល់ជូនគ្រួសារសពរួមមាន អង្ករ១០០គីឡូក្រាម, តែ១០កញ្ចប់, ស្ករស៥គីឡូក្រាម, មី១កេស, ទឹកក្រូច១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០ម៉ឺនរៀល ក្រៅពីនោះនៅមានសម្ភារៈ និងថវិកា ចូលរួមពីក្រុមការងារយុវជនខេត្ត សហភាពសហព័ន្ធយុវជនខេត្ត និងសាខាកាកបាទក្រហមខេត្ត សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕