(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ឱ្យបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីនាំចេញនូវផលិតផល សក្ដានុពលរបស់យើង ទៅកាន់ទីផ្សារថ្មីៗ ឲ្យកាន់តែច្រើនថែមទៀត»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មាន៥០.៤៦ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ១៥.៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៣។

ក្នុងនាមរាជរដ្ឋាភិបាល, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមោទនភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាល មានកិច្ចសហប្រតិបត្ដិការល្អ ក្នុងការទាក់ទាញវិនិយោគិន និងការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការនាំចេញទៅទីផ្សារ ក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តអនុវត្តអភិក្រម «ពង្រឹង​ទីផ្សារ​ចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផល កម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និង អន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៉ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធតាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគីផងដែរ។

សម្តេចមហាបវរធិវតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាទីផ្សារចាស់ ជាកិច្ចការដែលត្រូវយកចិត្តទុកដាក់រក្សាឱ្យបាន។ សម្តេចបានលើកឡើងទៀតថា ការរក្សាឱ្យបានទីផ្សារចាស់ ម៉ូយចាស់ គឺងាយនឹងពង្រីកទីផ្សារថ្មី ម៉ូយថ្មី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និងប្រកបដោយចលនការ។