(ភ្នំពេញ)៖ សាលាការ៉ាតេកម្ពុជា បានរៀបចំសិក្ខាសាលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងសាលាការ៉ាតេកម្ពុជា និងសមាគមការ៉ាតេដូ ដូយ្យូកៃ នៃប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាស្ថាបនិកសាលាការ៉ាតេកម្ពុជា ព្រមទាំងសាស្រ្តាចារ្យសាលាការ៉ាតេ ព្រមទាំងមានសិក្ខាកាមចូលរួមប្រមាណ១៥០នាក់។

ក្នុងឱកាសដ៏ពិសេសនេះ សមាគមការ៉ាតេដូ ដូយ្យូកៃ នៃប្រទេសជប៉ុន នឹងប្រគល់អាជ្ញាប័ណ្ណទទួលស្គាល់ជាផ្លូវការ សាលាការ៉ាតេកម្ពុជា ជាសាខាសមាគមការ៉ាតេដូ ដូយ្យូ តែមួយគត់ប្រចាំកម្ពុជា។

សិក្ខាសាលានេះ នឹងដឹកនាំបណ្ដុះបណ្ដាលរយៈពេល៣ខែ នៅប្រទេសកម្ពុជា ដោយមានលោកព្រឹទ្ធាចារ្យ ISAMU KIMURA អនុប្រធានសមាគមការ៉ាតេដូ ដូយ្យូកៃ នៃប្រទេសជប៉ុន និងប្រតិភូជប៉ុនចំនួន៦រូប បន្ថែមទៀត។

សូមជម្រាបថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖

១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាលាការ៉ាតេកម្ពុជា និង សមាគមការ៉ាតេដូ ដូយ្យូកៃ នៃប្រទេសជប៉ុន ឲ្យកាន់តែប្រសើរក្នុងសកម្មភាព បណ្ដុះបណ្ដាលការ៉ាតេ, ចូលរួមការប្រកួតប្រជែងទាំងក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន

២៖ ហ្វឹកហ្វឺនបង្កើនសមត្ថភាព បច្ចេកទេសការ៉ាតេ តាមក្បួនខ្នាតជប៉ុន ប្រកបដោយគុណភាព និងប្រសិទ្ធភាព

៣៖ បណ្ដុះបណ្ដាលគ្រូការ៉ាតេនៅតាម រាជធានី-ខេត្ត

៤៖ ផ្សព្វផ្សាយកីឡាការ៉ាតេទៅដល់គ្រប់មជ្ឈដ្ឋាន យុវជន ប្រជាពលរដ្ឋ ស្វែងយល់បន្ថែមពីគុណសម្បត្តិនៃកីឡាការ៉ាតេ ដែលជួយអ្នកហ្វឹកហាត់មាន សុខភាពល្អ ស្មារតីរឹងមាំ ការពារខ្លួន និងមានវិន័យ៕