(អង់ការ៉ា-តួគីយេ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ បានបង្ហាញនូវការពេញចិត្តចំពោះតួនាទី របស់តួគីយេ ក្នុងការចូលរួមដំណោះស្រាយជាអន្តរជាតិ ពិសេសជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីសង្ឃឹមថា តួគីយេនឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ច នៅប្រទេសតួគីយេ។
សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំពិតជាមានការពេញចិត្តជាមួយតួនាទី នៅក្នុងដំណោះស្រាយជាអន្តរជាតិ ហើយចាប់តាំងពីគ្រាដំបូងនៃការចាប់ផ្តើមជម្លោះរុស្ស៉ី-អ៊ុយក្រែន តួគីយេបានដើរតួនាទីនេះ ខ្ញុំសង្ឃឹមថាតួគីយេនឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ បញ្ហាប្រដាប់អាវុធ គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរាចមួយគត់ ដែលអាចឈានដល់ការបញ្ចប់សង្គ្រាម ដែលរឿងនេះ បានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ»។
ជុំវិញបញ្ហានៅស៉ីរី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិតមែនតែបញ្ហាថ្មីៗ ដែលកើតឡើងនូវប្រទេសស៉ីរី វាជាបញ្ហាដាច់ដោយឡែកមួយ ប៉ុន្តែមិនមែនបានសេចក្តីថា សុខៗរបបមួយដួលរលំនោះទេ បើគ្មានការខិតខំរបស់ប្រជាជន និងអ្នកតស៊ូដទៃទៀត។
សម្តេចតេជោបានថ្លែងថា «សម្រាប់ខ្ញុំនៅតែបង្ហាញនូវកង្វល់ទាក់ទងនឹងសកម្មភាពថ្មីៗ របស់អ៉ីស្រាអែល ដែលឆក់យកឱកាស សម្រាប់ការគ្រប់គ្រងដែនដីមួយផ្នែករបស់ស៉ីរី និងការវាយប្រហារមួយ ដែលរឿងនេះគ្រាន់តែជាកង្វល់ពីចម្ងាយ របស់អ្នកដែលនៅឆ្ងាយពីតំបន់នេះតែប៉ុណ្ណោះ។ ប៉ុន្តែរឿងទាំងឡាយខ្ញុំជឿថា មានតែប្រជាជនស៉ីរីតែប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនា របស់ខ្លួនបានតាមរយៈនៃជំនួយឧបត្ថម្ភពីខាងក្រៅ ប៉ុន្តែអ្នកដែលសម្រេចពិតប្រាកដ គឺប្រជាជនស៉ីរី ។ ករណីនេះកម្ពុជាជាឧទារហណ៍មួយ ក្នុងចំណោមឧទារហណ៍ នៃភាពស្មុគស្មាញរបស់ខ្លួន ដែលខិតខំប្រឹងប្រែងរកសន្តិភាពដោយខ្លួនឯង ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតកម្ពុជា នឹងធ្វើខួប២៦ ឈានទៅ២៧ឆ្នាំនៃការទទួលបានឯកភាពទឹកដីពេញលេញ ដែលជាសន្តិភាពយូរអង្វែងដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់កម្ពុជា ដែលយើងមានឱកាសកសាងប្រទេសឡើងវិញ។ សង្ឃឹមថា ពិភពលោកនឹងមានចំណែកដើម្បីដោះស្រាយបញ្ហា ហើយនយោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយ សម្រាប់ដោះស្រាយបញ្ហាទេ ឧទារហណ៍ទណ្ឌកម្មរុស្ស៉ី មិនត្រឹមតែមិនអាចសម្លាប់រុស្ស៉ីបានទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រទេសផ្សេងៗទៀតរងគ្រោះ រាប់ទាំងកម្ពុជាផងដែរ»។
ក្នុងឋានៈជាជនជាតិកម្ពុជា ដែលធ្លាប់ឆ្លងកាត់ទណ្ឌកម្មខាងសេដ្ឋកិច្ច និងនយោបាយចំពោះខ្លួនឯង ហើយក៏ធ្លាប់ឃើញទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះប្រទេសនានា សម្តេចស្នើឱ្យសូមបញ្ឈប់ទៅ នូវនយោបាយទណ្ឌកម្ម សម្រាប់ប្រទេសនេះ ឬប្រទេសនោះ ព្រោះគេមិនអាចយកអធិបតេយ្យរបស់គេ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយកើតទេ ទណ្ឌកម្មគ្រាន់តែបង្កើតនូវការឈឺចាប់បន្ថែម សម្រាប់ប្រជាជនតែប៉ុណ្ណោះ វាមិនត្រូវជាមួយមេដឹកនាំទេ។
សម្តេចបញ្ជាក់ទៀតថា ការមកកាន់ទីក្រុងអង់ការ៉ា នៃប្រទេសតួគីយេ សម្តេចទើបតែនឹងរៀនធ្វើជាប្រធានព្រឹទ្ធសភាទេ ចាប់ពីខែមេសា ដល់ពេលនេះ សម្តេចទើបតែធ្វើប្រធានព្រឹទ្ធសភា បាន៩ខែប៉ុណ្ណោះ ខណៈសម្តេចធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី គឺមានរយៈពេល៤៥ឆ្នាំ ដូច្នេះសម្តេចសុំរៀនសូត្រពី ប្រធានព្រឹទ្ធសភាតួគីយេ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាតួគីយេ ធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕