(អង់ការ៉ា-តួគីយេ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ, សម្តេចបានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគីយេ ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។
សម្តេចបញ្ជាក់ថា តួនាទីរបស់តួគីយេសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «អំពីកិច្ចសន្ទនា តាមវិស័យរវាងតួគីយេជាមួយអាស៊ាន ទោះបីពេលនេះម៉ូរ៉ាទ័រទាក់ទងជាមួយនឹងការទទួលយកនូវភាពជាដៃគូថ្មី ក៏ដោយក៏ប៉ុន្តែ ខ្ញុំនៅតែអះអាងបន្ត នូវនយោបាយ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ពេលដែលខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី អំពីការពង្រីកក្នុងស្ថានភាព តួគីយេជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ទោះបីរឿងនេះត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ក៏ប៉ុន្តែកម្ពុជា គឺជាសមាជិកម្នាក់ ដែលផ្តល់នូវការគាំទ្រ ហើយសម្រេច និងរួមជាមួយដៃគូដទៃទៀតជួយពង្រឹងការងារនេះ ព្រោះថាមានសារសំខាន់នៅក្នុងទំនាក់ទំនង រវាងតំបន់ពីរ ដែលតួគីយេ គឺផ្នែកមួយរបស់អាស៊ីផង និងជាផ្នែកមួយរបស់អឺរ៉ុបផង ហើយខ្ញុំសង្ឃឹមថា ការតភ្ជាប់សម្រាប់តំបន់ទាំងពីរនេះ តាមរយៈតួនាទីរបស់តួគីយេ នឹងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន ជាមួយតួគីយេកាន់តែប្រសើរ»។
សូមម្រាបថា តួគីយេ បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងអាស៊ានតាំងពីឆ្នាំ ១៩៩៩ ដោយព្យាយាមពង្រីកទំនាក់ទំនងជាមួយអាស៊ានក្នុងកម្រិតកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំរបស់អាស៊ាន៕