(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគីយេ រួមគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ។

ការជំរុញយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួគីយេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះ ឱ្យសម្រេចគោលដៅ បើទោះបីថាយើងកើនឡើងបន្តិចម្តងៗ ប៉ុន្តែយើងគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈដែលប្រទេសយើងជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី ១ពាន់លាន រហូតដល់៤ពាន់លាន ឬប្រទេស ១០ពាន់លានដុល្លារដែលយើងអាចធ្វើទៅរួច។ ពិតមែនឯកឧត្តម [ប្រធានរដ្ឋសភា] មានប្រជាជន ជាង៨០លាននាក់ កម្ពុជាមានតែ១៧លាននាក់ទេ ប៉ុន្តែយើងមានកម្លាំងទិញធំ ហើយក៏មានផលិតផលសម្រាប់ការនាំចេញផងដែរ»។

ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគីយេ ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។

សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស អំពីទំនាក់ទំនងកម្ពុជា-តួគីយេ ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។

សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីយេ មានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣ ។

សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនតួគីយេ ដែលបានផ្តល់នូវជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។ សម្តេចសង្ឃឹមថា តួគីយេ នឹងបន្តជួយពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការអញ្ជើញសម្តេចមកទស្សនកិច្ចនៅតួគីយេនេះ គឺបង្ហាញអំពីមិត្តភាពរបស់ប្រទេសទាំងពីរ ដែលគាប់ជួនទស្សនកិច្ចរបស់សម្តេចនៅពេលនេះ ធ្វើឡើងចំពេលខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងដ៏យូរលង់របស់ប្រទេសយើងទាំងពីរ។

សម្តេចបានបង្ហាញនូវការជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងរវាងអង្គការនិតីបញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុ សែន បានកោតសរសើរដល់ស្ថានទូតនៃប្រទេសទាំងពីរ ដែលខិតខំជំរុញពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលរដ្ឋាភិបាលនៃទាំងពីរកាលពីឆ្នាំ២០១៨ បានដាក់ចេញ និងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រេចបាន ១ពាន់លានដុល្លារ តែបច្ចុប្បន្នសម្រេចបានប្រហែល ២០០លានដុល្លារ៕