(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៤១ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោត ពោលចាប់តាំងពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ (ថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា មន្ត្រីចុះឈ្មោះបោះឆ្នោតឈប់សម្រាក) គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា មានប្រជាពលរដ្ឋកម្ពុជា ចំនួនជាង៥.៤លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
បើតាម គ.ជ.ប រាជធានី-ខេត្តដែលមានប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ មានចំនួន៤៨២,៤១០នាក់ ខេត្តកណ្តាល ចំនួន៤៧៧,៧៥៤នាក់ ខេត្តព្រៃវែង ចំនួន៤៦០,៥១៩នាក់ ខេត្តតាកែវ ចំនួន៤១២,៣៨២នាក់ និងកំពង់ចាម ចំនួន៣៧៦,៧០៥នាក់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត អាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនជាង៩.៦លាននាក់ ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ៥៦.៤៣ភាគរយហើយ បានទៅចុះឈ្មោះបោះឆ្នោត ស្នើនឹងជាង៥.៤លាននាក់ ក្នុងនោះមានស្ត្រីជិត៣លាននាក់៕