(ភ្នំពេញ)៖ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧត្តមសេនីយ៍ឯកលឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ​នៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានសហការគ្នាបើកវគ្គផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងការប្រកួតវោហាកោសល្យ​របស់និស្សិតសាកលវិទ្យាល័យកសិកម្មចំការដូងជាង៦០០នាក់។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ, ឧត្តមសេនីយ៍ឯកលឹម តុង ហួត បានពាំនាំនៅការកោតសសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អ្នកដឹកនាំក្រសួង ក៏ដូចជាសាកលវិទ្យាល័យដែលបានខិតខំអត់បានរួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សព្វផ្សាយ ក៏ដូចជាការប្រកួតនៅវោហាកោសល្យនេះនិស្សិតទាំងអស់​ចាប់ផ្តើមស្រាវជ្រាវនូវចំណេះដឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់ App NoDrug អ្នករាយការណ៍មានសុវត្ថិភាព 100% គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យឬសងសឹកឡើយ។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា ការប្រកួតវោហារកោសល្យនេះ គឺមានបីក្រុមជ្រើសចេញពីចំណោមនិស្សិតទាំងអស់របស់សាកលវិទ្យាល័យជាតិចំការដូង ធ្វើការសិក្សា​ស្រាវជ្រាវ បកស្រាយ ការពារលើប្រធានបទដើម្បីទទួលបាននូវការលើកសរសើរដោយរង្វាន់លេខ១ ទទួលបានថវិកាពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២លានរៀល និងរង្វាន់លួងចិត្តសម្រាប់​ក្រុមលេខ២ និងលេខ៣ ក្នុងគឺមួយក្រុមៗទទួលបានថវិកាមួយលានរៀលពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

ក្នុងនាមលោក ឌិត ទីណា លោក ឡោ រស្មី បានថ្លែងអរគុណដ៏គ្រប់ភាគីទាំងអស់ ហើយការងារផ្សព្វផ្សាយក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់ និងទាក់ទាញចំណាប់អារម្មណ៍ ពីនិស្សិតទាំងអស់សិក្សាស្រាវជ្រាវចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ការបានការយល់ដឹង​កាន់តែទូលំទូលាយ​ពីផលប៉ះពាល់នៃគ្រឿងញៀន នឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នា​ធ្វើយ៉ាងណាឱ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន​ពោលគឺការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា៕