(ភ្នំពេញ)៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី Gala Dinner ជូនដល់ប្រតិភូក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ (Buyers) និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencers) សំខាន់ៗចំនួន ៦០ក្រុមហ៊ុន ពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា រុស្សី តួកគី អ៊ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម រួមជាមួយអ្នកលក់ (Sellers) ដែលជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកប្រមាណ ១០០ក្រុមហ៊ុន ។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ ឌឺស្កាយភ្នំពេញ ក្រោមវត្តមានលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងដោយមានការចូលរួមពីប្រតិភូក្រុមហ៊ុនទេសចរណ៍ ដែលជាអ្នកទិញ និងអ្នកលក់ មកពីបណ្តាក្រុមហ៊ុនផ្សេងៗ និងមកពីសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ជាច្រើនរូប។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ប្រតិភូមកពីបណ្តាក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ និងអ្នកលក់ ទាំងជាតិ និងអន្តរជាតិទាំងអស់ នឹងចូលរួមក្នុងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) ក្នុងគោលបំណងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា តាមរយៈការរៀបចំឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុន ទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើតកញ្ចប់ទស្សនកិច្ច ទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជានេះ សហការណ៍រៀបចំដោយក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នៅសណ្ឋាគារ ហ្គូដថាម រឺលែករីសត (Good Time Relax Resort & Hotel) ខេត្តកំពត៕