(ភ្នំពេញ)៖ ក្រុមហ៊ុនជីបម៉ុង បានផ្តល់ SAMSUNG TABLET GALAXY A9 PLUS ចំនួន ២,២៣០គ្រឿង ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចែកជូនសិស្សនិទ្ទេស A។
ពិធីប្រគល់ និងទទួល Samsung Teblet ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នាវិមានសន្តិភាព។ ពិធីប្រគល់ និងទទួលSamsung Teblet បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត។
អ្នកឧកញ៉ា លាង ឃុន តាងនាមថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បានបង្ហាញក្ដីសោមនស្សរីករាយ និងប្រកបដោយកិត្តិយសបំផុត ចំពោះការទទួលបានឱកាសអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនជីបម៉ុង ចូលរួមចំណែកលើកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនជីបម៉ុង បាននាំយក TABLET GALAXY A9 PLUS ម៉ាក SAMSUNG ចំនួន ២,២៣០គ្រឿង ប្រគល់ជូន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សម្រាប់ឧបត្ថម្ភ និងលើកទឹកចិត្តជូនសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ។
អ្នកឧកញ៉ា លាង ឃុន បានថ្លែងទៀតថា ការចូលរួមឧបត្ថម្ភរបស់ ក្រុមហ៊ុនជីបម៉ុងទាំងកន្លងមក និងក្នុងឱកាសនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងក្នុងការរៀនសូត្រឱ្យទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ និង ជាពិសេសក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាធនធានដ៏មានតម្លៃសម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
អ្នកឧកញ៉ា លាង ឃុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក សេង ទៀង ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលនៅក្នុងឱកាសនេះ។ ជាពិសេសផ្ដល់កិត្តិយលយ៉ាងធំធេងដល់ក្រុមហ៊ុនជីបម៉ុង ដើម្បីរួមចំណែកដល់កិច្ចការសង្គម លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តយុវជនខ្មែរឱ្យបន្តខិតខំរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឬស្សី ជាធនធានប្រកបដោយសក្ដានុពលរបស់ជាតិ។
លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជីបម៉ុង ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលជារៀងរហូតមក។
លោក សេង ទៀង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលកន្លងមក ក្នុងពេលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានខិតខំស្ដារ និងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធក្នុងវិស័យអប់រំតាំងពីគ្មានអ្វីទាល់តែសោះ រហូតដល់មានសាលារៀនគ្រាប់គ្រាន់ទូទាំងប្រទេស និងអភិវឌ្ឍន៍ធនធានគ្រូបង្រៀនដោយបានដាក់ពង្រាយទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឱ្យយុវជន មានលទ្ធភាពគ្រាប់គ្រាន់ក្នុងការសិក្សារៀនសូត្រសម្រាប់អភិវឌ្ឍន៍ចំណេះដឹង។ បន្ថែមពីលើនោះ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលរៀនពូកែប្រឡងជាប់និទ្ទេស A ដោយបានឧបត្ថម្ភជាសម្ភារៈសិក្សា ថវិកា សៀវភៅអប់រំ វត្ថុអានុស្សាវរីយ៍ និងថេបប្លែត ដល់សិស្សានុសិស្សទាំងនោះឱ្យបន្តខិតខំរៀនសូត្របន្ថែមទៀត។
រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តផ្ដល់អាទិភាពលើវិស័យអប់រំ និងបន្តលើកទឹកចិត្តដល់សិស្សានុសសិស្សដែលប្រឡងជាប់ និទ្ទេស A ផងដែរ។ ការលើកទឹកចិត្តនេះ គឺធ្វើតាំងពីដំបូងដែលមានសិស្សជាប់និទ្ទេស A មានត្រឹមតែ ៤នាក់ប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២៤នេះ មានសិស្សជាប់និទ្ទេស A ចំនួនជាង ២ពាន់នាក់។ ការសម្រេចបន្តផ្ដល់ការលើកទឹកចិត្តនូវសម្ភារៈជា Tablet នេះ គឺជាការគិតគូររបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីផ្ដល់លទ្ធភាពដល់សិស្សានុសិស្សសម្រាប់ការសិក្សាស្រាវជ្រាវឱ្យស្របទៅនឹងការវិវត្តន៍បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។
ជំនួសមុខសម្ដេចធិបតីនាយករដ្ឋមន្ត្រី, លោក សេង ទៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អ្នកឧកញ៉ា លាង ឃុន ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ដែលបានយកចិត្តទុកដាក់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ពិសេសគាំទ្រ និងលើកកម្ពស់លើវិស័យអប់រំនៅថ្ងៃនេះ ដោយបានប្រគល់នូវ Tablet ចំនួន ២២៣០គ្រឿង សម្រាប់ឧបត្ថម្ភជូនសិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេសក្នុងឆ្នាំ២០២៤នេះ៕