(អង់ការ៉ា, តួកគី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អមដំណើរដោយផ្ទាល់ពីលោកសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគី បានអញ្ជើញទស្សនាទីកន្លែង​រំលឹកព្រឹត្តិការណ៍រដ្ឋប្រហារនៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងរដ្ឋធានីអង់ការ៉ា។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ យោធាមួយក្រុមក្នុង​ប្រទេស​​តួកគី ​មានបំណងទម្លាក់រដ្ឋាភិបាល ដោយប្រមូលផ្តុំកម្លាំង​គ្រប់គ្រង​ទីក្រុងធំៗដូចជា អង់ការ៉ា និងអ៊ីស្តង់ប៊ុល។ ប៉ុន្តែការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ មិនបានសម្រេចនោះទេ ដោយរដ្ឋាភិបាលបានព្យាយាមគ្រប់គ្រង​ស្ថានការណ៍​បានឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយបរាជ័យនៃបំណងធ្វើរដ្ឋប្រហារនេះ កង​កម្លាំងយោធា ១,៦៦៣នាក់ នៅ​ទូទាំង​ប្រទេសត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីធ្វើរដ្ឋប្រហារនេះ។
ព្រឹត្តិការណ៍នេះ សារព័ត៌មាន Reuters បានរាយការណ៍ថា មានមនុស្ស ៩០នាក់បានស្លាប់ និងរបួស ១,១៥៤នាក់ ហើយក្នុងចំណោមអ្នកស្លាប់​ទាំងនោះ ​មាន​មន្ត្រីប៉ូលិស១៧នាក់៕