(ឧត្តរមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានពង្រីកហេដ្ឋារចនាសម្ពន្ធកាន់តែធំទូលាយជាងមុន និងមានភាពទាក់ទាញ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពិសេសគឺដើម្បីជំរុញការផ្លាស់ប្ដូររវាងកម្ពុជានិងថៃឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។
ទិដ្ឋភាពនេះស្ដែងឱ្យឃើញតាមរយៈដំណើររបស់លោក ហោ ជិនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ ដែលចុះពិនិត្យស្ថានភាពទូទៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
លោក ហោ ជិនវិរៈយុទ្ធ បានថ្លែងកោតសរសើរនិងអរគុណដល់លោកវរសេនីយ៍ឯក គឹម សុផាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនរអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ដែលទើបប្រកាសចូលតំណែងក្នុងរយៈពេល១ខែមកនេះ តែបានធ្វើការរៀបចំបរិស្ថាន កែលម្អផ្លូវ បំពាក់ភ្លើងសូឡា ក្នុងតំបន់ដែនសមត្ថកិច្ចរបស់ខ្លួនបានស្រស់បំព្រងមានការីកចម្រើនគួរឱ្យកត់សម្គាល់ ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ដែលជាការចូលរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ក៏ដូចជាខេត្តឧត្តរមានជ័យផងដែរ។
លោកវរសេនីយ៍ឯក គឹម សុផាត បានថ្លែងបន្ថែមថា បន្ទាប់ពីរូបលោកត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែង ជានាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ការងារចម្បងដែលលោកត្រូវធ្វើ គឺការរៀបចំកន្លែងធ្វើការ កន្លែងស្នាក់នៅរបស់មន្ត្រីនគរបាលប៉ុស្តិ៍ឱ្យបានសមរម្យ ក៏ដូចជាទីតាំងទទួលខុសត្រូវមួយចំនួន។
លោកនាយប៉ុស្តិ៍បានថ្លែងទៀតថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានគរបាលជាតិ អគ្គនាយដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាអាជ្ញាធខេត្តឧត្តរមានជ័យ លោកបានដឹកនាំមន្ត្រីក្រោមឱវាទ ក៏ដូចជាអង្គភាពពាក់ព័ន្ធ រៀបចំកែប្រែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា បំពាក់អំពូលភ្លើងសូឡានៅមាត់ច្រកទ្វារព្រំដែន ជួសជុលផ្លូវមុខប៉ុស្តិ៍ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋប្រហែល៣០០ម៉ែត្រ ដែលកន្លងមកផ្លូវនេះពិបាកធ្វើដំណើរណាស់។ ក្រៅពីជួសជុលផ្លូវ លោកនឹងបំពាក់អំពូលភ្លើងសូឡាចំនួន២០ដើមនៅតាមដងផ្លូវថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្រួលធ្វើដំណើរទាំងពេលថ្ងៃ និងពេលយប់ព្រលប់៕