(ភ្នំពេញ)៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាថ្នាក់ជាតិលើកទី៥ ស្តីពី៖ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៤» ដែលមានអញ្ជើញចូលរួមពី លោកស្រី តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោកអគ្គនាយកដ្ឋានស្តារសម្បទា លោកស្រី អគ្គនាយករង អគ្គនាយកដ្ឋានស្តារសម្បទា ប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរ ជនមានពិការភាព សរុបប្រមាណចំនួន ២០០នាក់ រៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ។
វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពី៖ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៤» រៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា គាំទ្រដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អង្គការ Unicef អង្គការ PAfID ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សាលារៀនទន្សាយ អង្គការ KSH និងអង្គការ GIZ។
វេទិកាថ្នាក់ជាតិខាងលើ មានគោលបំណង៖ ការលើកកម្ពស់ការយល់ដឹងឱកាសការងារនិងមុខរបរ ការអភិវឌ្ឍអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការផ្លាស់ប្តូរព័ត៌មានរវាងដៃគូអនុវត្តន៍គម្រោងពិសេសបង្កើតនូវរូបមន្តនៃ «ការណែនាំសម្រាប់ការអនុវត្តល្អបំផុត»។
គួរសបញ្ជាក់ផងដែរ ក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់លើវិស័យពិការភាពដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពធំៗដទៃទៀត ដោយបានកំណត់អំពីការពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុ មាល ភាពជនមានពិការភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕