(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាភូមិក្នុងប្រទេសកម្ពុជា បានប្រមាណ ៩៩.១៥%ហើយ គឺជិត១០០% ខណៈភូមិដែលនៅសល់កំពុងបន្តសហការជាមួយដៃគូអភិវឌ្ឍ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ «ណែនាំពង្រឹងការអនុវត្តច្បាប់ សេចក្ដីណែនាំ និងលិខិតបទដ្ឋានានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលបានរៀបចំឡើងនៅសាលប្រជុំអាជ្ញាធរអគ្គិសនី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗចំនួន ១៦៦អាជ្ញាបណ្ណ និងបានចាត់តំណាងចូលរួមចំនួន ៣១១រូប។
លោក យឹម វិសិដ្ឋ បានមានប្រសាសន៍ថា «មកដល់ចុងឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនី បានធ្វើការផ្គត់ផ្គង់អគ្គិសនីឱ្យភូមិ ក្នុងប្រទេសកម្ពុជាបានប្រមាណ ៩៩.១៥% នៃភូមិដែលមានទូទាំងប្រទេស ១៤,១៦៨ភូមិ ដែលនៅសល់តែ១២០ភូមិទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានធ្វើផ្គត់ផ្គង់ ព្រោះជាភូមិដែលស្ថិតនៅតំបន់ដាច់ស្រយាល ភូមិបណ្ដែតទឹក ភូមិស្ថិតនៅលើដីកោះ និងជាភូមិដែលទើបបង្កើតថ្មី។ ការណ៍នេះធ្វើឱ្យមានការពិបាកបន្តិច ប្រសិនជាអូសខ្សែភ្លើងពីបណ្ដាញជាតិ ប៉ុន្តែភូមិទាំងនេះស្ថិតនៅក្នុងផែនការរដ្ឋាភិបាល ដែលអាជ្ញាធរអគ្គិសនី បាននិងកំពុងធ្វើការសហការជាមួយនឹងដៃគូអភិវឌ្ឍនានា ដូចជាធនាគារពិភពលោក, អង្គការចៃការ និងUNDPជាដើម»។
លោកបានបន្តថា ចំពោះការភ្ជាប់ចរន្តអគ្គិសនីជូនដល់ប្រជាពលរដ្ឋ មានប្រមាណ ៩៥.២៤% ដែលបានភ្ជាប់ភ្លើងរួចហើយ នៅសល់តែជាង៤%ទៀតប៉ុណ្ណោះ ដែលត្រូវធ្វើការភ្ជាប់ចរន្តបន្ថែម ហើយទន្ទឹមនឹងនេះយើងមានអនុស្ថានីយ៍បណ្ដាញជាតិចំនួន ៧០ស្ថានីយ៍ ដែលគ្របដណ្ដប់២៥ រាជធានី/ខេត្ត។
បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល បានកំណត់គោលនយោបាយ «អន្តរកាលថាមពលកម្ពុជា» ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ដោយក្នុងនោះរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាការប្តេជ្ញាចិត្តដូចជា៖
ទី១៖ មិនអនុញ្ញាតឱ្យបង្កើតរោងចក្រធ្យូងថ្មបន្ថែម ខណៈរដ្ឋាភិបាលក៏បានបញ្ជាក់គម្រោងរោងចក្រធ្យូងថ្ម១កន្លែង នៅក្នុងខេត្តកោះកុងផងដែរ
ទី២៖ មិនអនុញ្ញាតឱ្យបង្កើតស្ថានីយ៍វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
ទី៣៖ ក្រសួងរ៉ែ និងថាមពល បានកំណត់ថា យ៉ាងតិចបំផុត ៧០% នៃថាមពលនៅលើថាមពលបណ្ដាញជាតិ ត្រូវតែជាថាមពលស្អាតនៅឆ្នាំ២០៣០។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏បានដាក់ចេញនូវអភិក្រមចំនួន៤ បន្ថែមមានដូចខាងក្រោម៖
ទី១៖ បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងគ្រប់គ្រាន់
ទី២៖ រក្សាតម្លៃសមរម្យ តាមតម្លៃនៃធាតុចូល ការផលិត បញ្ជូន និងចែកចាយ
ទី៣៖ បង្កើនសេ្ថរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មនៃការផ្ដល់សេវា
ទី៤៖ បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌ រវាងប្រព័ន្ធទីក្រុង និងជនបទ។
ជាការឆ្លើយតបនឹងអភិក្រមនេះ លោក យឹម វិសិដ្ឋ បានថ្លែងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានបង្កើតក្រុមការងារអន្តរស្ថាប័នមួយ ដែលមានក្រសួងរ៉ែ និងថាមពល ដឹកនាំ និងមានការចូលរួមពីអាជ្ញាធរអគ្គិសនីកម្ពុជា និងអក្គិសនីកម្ពុជា។
លោកបានបន្តថា ទាំងបីស្ថាប័ននេះ នឹងធ្វើការចូលរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដូចជាការត្រួតពិនិត្យ និងតាមដានទៅលើការអនុវត្តគោលការណ៍ចំនួន៥ គឺបញ្ហាដាច់ចរន្តអគ្គិសនី, គុណភាពនៃការផ្គត់ផ្គង់, ការផ្ដល់សេវានានាដល់អ្នកប្រើប្រាស់របស់សេវាករ, ការបង់កម្រៃសេវាក្រៅផ្លូវការ និងការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធអនឡាញ និងប្រព័ន្ធទូរស័ព្ទនៅក្នុងការផ្ដល់សេវានានា។
ជាថ្មីម្ដងទៀត ប្រធានអាជ្ញាធរអគ្គិសនី បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីណែនាំ ពន្យល់ បំភ្លឺ និងពិភាក្សាអំពីចំណុចសំខាន់ៗដែលកំណត់ក្នុងលក្ខខណ្ឌអាជ្ញាបណ្ណ បទប្បញ្ញត្តិ, សេចក្តីណែនាំ, សេចក្តីសម្រេច និងគោលការណ៍នានាដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីឱ្យអ្នកកាន់អាជ្ញាបណ្ណទាំងអស់យល់កាន់តែច្បាស់ ចៀសវាងបន្តយល់ខុសឬអនុវត្តខុស។
បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏មានការលើកឡើងអំពីចំណុចគោលសំខាន់ៗ ដែលត្រូវត្រួតពិនិត្យនិងតាមដានការអនុវត្ត និងពិភាក្សាលម្អិតលើចំណុចពាក់ព័ន្ធ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់អ្នកកាន់អាជ្ញាបណ្ណ បើរកឃើញថានៅតែប្រព្រឹត្តខុស និងចាត់វិធានការច្បាប់ ដោយពុំមានការអនុគ្រោះទៀតទេ៕